ដោយៈសុផល/ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៣បានទទួលជួបសំណេះសំណាលជាមួយនឹងគណៈប្រតិភូស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ២០០នាក់ ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើសេចក្តីរាយការណ៍ជូនដោយសង្ខេបអំពីសមិទ្ធផលសំខាន់ស្តីពីស្ថានភាពរបស់ស្រ្តីកម្ពុជា ដែលសម្រេចបានកន្លងមក ដោយមានការសម្របសម្រួលដោយក្រសួងកិច្ចការនារី និងការចូលរួមពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាពគួរជាទីមោទនៈនាពេលបច្ចុប្បន្ន។
ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងគាំទ្រមូលបទដែលក្រសួងកិច្ចការនារី បានកំណត់យកឆ្នាំនេះពិតជាមានសារៈសំខាន់ដែលឆ្លុះបញ្ចាំងពីតម្លៃ និងវត្តមានរបស់ស្រ្តីកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យនិងបានឆ្លុះបញ្ចាំងពីចក្ខុវិស័យទៅអនាគតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងយុគសម័យឌីជីថល ខណៈដែលយើងទាំងអស់គ្នាបានឆ្លងកាត់វិបត្តិកូវីដ-១៩ និងខិតខំប្រឹងប្រែឆ្ពោះទៅការស្តាសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់ និងភាពរឹងមាំរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព។
សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រសួងកិច្ចការនារីសម្រេចបាន ក្នុងកិច្ចការពារសិទ្ធិស្រ្តី និងជំរុញសមភាពយេនឌ័រនៅគ្រប់កម្រិត និងគ្រប់វិស័យ ដែលឆ្លើយតបជាវិជ្ជមានទៅនឹងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល « ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា» ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០។ ក្នុងន័យនេះ ការជំរុញឱ្យមានសមធម៌យេនឌ័រនិងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រពិតប្រាកដ ដែលបានចាត់ទុក «ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ » បានរួមចំណែកធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយកិច្ចការនេះនឹងត្រូវសហការគ្នាឱ្យមានល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវការរំពឹងទុកខ្ពស់ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ស្រ្តីកម្ពុជាបានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចសេរីទាំងនៅថ្នាក់ជាតិ អន្តរជាតិ និងនៅក្នុងតំបន់ ហើយស្រ្តីក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្រ្តីនិងក្រុមគ្រួសារមានភាពប្រសើរឡើងបានកាត់បន្ថយភាពងាយរងគ្រោះ និងរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល និងការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ដែលបានដាក់បញ្ជូលការលើកកម្ពស់សមភាពយេនឌ័រ រួមមាន ក្របខណ្ឌគោលនយោបាយជាតិស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ការដាក់ចេញគោលនយោបាយនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។
ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ក្នុងនាមខ្លួនសម្តេចផ្ទាល់ និងក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភាដែលជាតំណាងឆន្ទៈប្រជាពលរដ្ឋកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីនឹងបន្តការគាំទ្រចំពោះការតាក់តែងច្បាប់ ការពិនិត្យ ការអនុម័ត និងតាមដានការអនុវត្តច្បាប់ដើម្បីធានាឱ្យច្បាប់ទាំងនោះមានការឆ្លើយតបទៅនឹងសមភាពយេនឌ័រ ពោលគឺបម្រើផលប្រយោជន៍ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រីនិងបុរស។ ឆ្លៀតក្នុងឱកាសនេះសម្តេចប្រមុខរដ្ឋស្តីទីបានវាយសតម្លៃ និងកោតសរសើរក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិ ដែលបានរួមគ្នាប្រារព្វពិធីនេះឡើងក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល »ពិតជាបានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋា ភិបាល ដែលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈជូប្រជាជាតិទាំងមូល ៕/R