ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​វ័យ​៧០ ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មីនា​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​ដោយ​ហ្វូង​ស្វា​កម្រោលចូល ខណៈ​កំពុង​ដើរ​ទៅ​បន្ទប់ទឹក​។​

​លោកស្រី ឆា​ថា​រ៉ា​បូ​យ​ណា ណា​សាវ​វ៉ា (Chataraboina Narsavva) បាន​ស្ថិតនៅ​ផ្ទះ​នៅក្នុង​ភូមិ​របស់​គាត់​ក្នុងស្រុក​កា​ម៉ារ៉េដ​ឌី (Kamareddy) រដ្ឋ​ថេ​ឡាន​ហ្គា​ណា (Telangana) នៅពេល​ដែល​សត្វ​ដ៏​គឃ្លើន​ដាល់​មុខ​របស់​លោកស្រី​បណ្តាលអោយ​គាត់​ដួល​។​

​និវត្ត​ជន ដែល​រស់នៅ​ជាមួយ​កូនស្រី​របស់​គាត់​នៅក្នុង​ភូមិ​រ៉ា​ម៉ារ៉េត​ឌី​(Ramareddy)​បាន​នៅផ្ទះ​តែម្នាក់ឯង នៅពេល​មាន​ការវាយប្រហារ​។​

​កូនស្រី​របស់​គាត់ ដែល​ចេញ​ទៅ​ក្រៅ​ដើម្បី​ចូលរួម​ពិធី​មង្គលការ​នោះ ក្រោយមក​បាន​ប្រញាប់​បញ្ជូន​ម្តាយ​ទៅ​កាន់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​លោកស្រី​បាន​ស្លាប់​ដោយសារ​របួស​។​

​កាសែត Times of India រាយការណ៍​ថា ប៉ូលិស​បាន​និយាយថា លោកស្រី​ណា​សាវ​វ៉ា​បាន​រអិលដួល​បោក​ក្បាល​នឹង​ឥដ្ឋ​ស្លាប់​ជាជាង​ត្រូវ​ហ្វូង​ស្វា​ព្រួត​វាយ​ដល់​ស្លាប់​។​

​អធិការ​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា លោកស្រី​បាន​ស្លាប់​ដោយសារ​របួស ព្រោះ​លោក​ស្រី​ព្យាយាម​រត់គេច​ពី​ហ្វូង​ស្វា​។​លោកស្រី​ណា​សាវ​វ៉ា​មិន​ត្រូវ​បាន​ស្វា​ខាំ​ក្នុងពេល​វាយប្រហារ​នោះទេ​។​

​លោក​បន្តថា “​យើង​បានដឹង​តាមរយៈ​អ្នក​ស្រុក​ថា នៅពេល​ដែល​ស្វា​វាយប្រហារ​គាត់ គាត់​បាន​ព្យាយាម​រត់គេច​។ នៅក្នុង​ដំណើរការ​នោះ គាត់​បាន​រអិលដួល​។ គាត់​បាន​រងរបួស​ក្បាល ហើយ​ស្លាប់​តែម្តង​”​។​

​ក្រុមគ្រួសារ​របស់​លោក​ស្រី​ណា​សាវ​វ៉ា​បាន​បូជាសព​គាត់​ភ្លាមៗ​បន្ទាប់​ពី​ការស្លាប់​របស់​គាត់ ហើយ​ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​។

​ការវាយប្រហារ​ពី​សំណាក់​ហ្វូង​ស្វា​កើត​ឡើង​ជា​ញឹកញាប់​នៅ​ឥណ្ឌា។កាលពីឆ្នាំមុន ទារកអាយុ៤ខែម្នាក់ត្រូវស្វាកញ្ឆក់ពីដៃម្តាយនិងបោះទម្លាក់មកដីបណ្តាអោយក្មេងបាត់បង់ជីវិត។ហេតុការណ៍កាលពីខែកក្កដានោះ បានកើតឡើងនៅក្នុងរដ្ឋអ៊ុតតា ប្រាដែស។ក្មេងស្រីអាយុប្រាំឆ្នាំម្នាក់ក៏ត្រូវហ្វូងស្វាខាំដលើស្លាប់ក្នុងពេលលេងជាមួយក្មេងដទៃទៀតកាលពីខែកុម្ភៈ នៅក្នុងរដ្ឋអ៊ុតតា ប្រាដែសដដែល។

មានហេតុការណ៍អុកឡុកជាច្រើនទៀតនៅតាមរថយន្ត ដូចជានៅឆ្នាំ២០១៥ ស្វាមួយបានបញ្ឆេះម៉ាស៊ីនរថយន្តក្រុងក្រុងនៅក្នុងយានដ្ឋានមួយនៅទីក្រុង បារ៉េអ៊ីលលី(Bareilly)និងបើករថយន្តទៅបុករថយន្តពីរផ្សេងទៀត នៅពេលអ្នកបើកកំពុងដេក៕

​ការវាយប្រហារ​ពី​សំណាក់​ហ្វូង​ស្វា​កើត​ឡើង​ជា​ញឹកញាប់​នៅ​ឥណ្ឌា