គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៥០ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា​បិទ​មិន​ឲ្យ​ប្រតិបត្តិការ​

1894
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៥០​កន្លែង ត្រូវបាន​បិទ​មិន​ឲ្យ​ប្រតិបត្តិការ​ក្នុងប្រទេស​តទៅទៀត ព្រោះតែ​ការប្រតិបត្តិ​ការមិន​គោរព​តាមច្បាប់ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​អគ្គទេសាភិបាល​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ២០១៨​។

លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ប្រតិបត្តិ​ក្នុងប្រទេស​កម្ពុជា​ចំនួន​៥០ ត្រូវ​សម្រេច​បិទ​ទាំងស្រុង​តែម្តង ព្រោះតែ​គ្រឹះស្ថាន​ទាំងនោះ មិន​គោរព​តាម​បទ​បញ្ញា​តិ្ត និង​ច្បាប់ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​ថ្លែង​ក្នុងឱកាស​នោះ លោក ក៏បាន​លើកឡើងថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ខិតខំ​ដាក់ចេញ​នូវ វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ជា​បន្ដ​បន្ដា​ប់​ដូចជា ការកំណត់​ទ្រនាប់​ដើមទុន ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​សន្ទនីយ​ភាព និង​ការពង្រឹង​ការផ្ដល់​វិញ្ញាបនបត្រ​ចំពោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ជាដើម សំដៅ​កាត់បន្ថយ​ការប្រែប្រួល ទៅតាម​វដ្ដ​សេដ្ឋកិច្ច និង​បង្កើន​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​។​

​លោក​បាន​ឲ្យ​ដឹងថា «​ក្នុង​ឆមាស​ទី​១​នេះ សេដ្ឋកិច្ចកម្ពុជា បាន​បន្ដ​រីកចម្រើន​ជា​បន្ដបន្ទាប់ ពិសេស​លើ​វិស័យ​នាំចេញ និង​ទេសចរណ៍ ជាមួយនឹង​កំណើន​ដ៏​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ដ​ងើប​នៃ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​បន្ដ​កើនឡើង​យ៉ាង​ឆាប់រហ័ស​»​។​

​លោក​បាន​បញ្ជាក់ទៀតថា ធនាគារជាតិ​នៃ​បាន​បង្កើន​ការយកចិត្តទុកដាក់ លើ​កា​រលើ​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន តាមរយៈ​ការផ្សព្វផ្សាយ​ការអប់រំ​នានា ការទទួល​ការហៅ​ចូល​តាម​ទូរស័ព្ទ ដើម្បី​សាកសួរ​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ព្រមទាំង​ការ​បញ្ជៀប​ចំណេះដឹង​ហិរញ្ញវត្ថុ ទៅកាន់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​សូមបញ្ជាក់ថា គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៥០ ដែល​ត្រូវ​សម្រេច​បិទ​ចោល មិន​ឲ្យ​បន្ដ​ប្រតិបត្តិការ​នោះ ធនាគារជាតិ​នៃ​កម្ពុជា មិនទាន់បាន​បញ្ជាក់​ឈ្មោះ​គ្រឹះស្ថាន​នីមួយៗ​នៅឡើយ​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម