ដោយៈ សុផល / ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ បានបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៩ រូប ។

អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈ ចំនួន ២គឺៈ ទី១៖ ស្តាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ និងរបៀបវារៈ ទី២៖ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។

ទាក់ទងនឹងរបៀបវារៈទី១ ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា បីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញភារកិច្ច រៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពនៅមូលដ្ឋាន តាមរយៈការចូល រួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហា​ប្រឈមនានា ព្រមទាំងការចូលរួមចំណែក ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ នៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុម នានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា ​បានជួបពិភាក្សាការងារជាមួយក្រសួង -ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់ អំពីវឌ្ឍនភាពការងារ តាមវិស័យ ព្រមទាំងពង្រឹងកិច្ចសប្រតិបត្តិការល្អជាមួយ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយនឹងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតួអង្គ សំខាន់ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា សូមគោរពកោតសរសើរ ចំពោះរាជរដ្ឋា ភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមបានរឹងមាំ, ការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩​ បានល្អ, ការសម្រេច បានកំណើនសេដ្ឋកិច្ចឡើងវិញ​ក្នុងអំឡុងនិងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការ ជួយប្រជាជន ឱ្យរក្សាបានលំនឹងជីវភាព, ជោគជ័យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥, ការអភិវឌ្ឍគោលនយោបាយបរទេស ឯករាជ្យ ដោយផ្អែកលើ ច្បាប់ ដែលបានធានានូវផលប្រយោជន៍ សារវន្តរបស់កម្ពុជា និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឱ្យកិត្យានុភាព នៃព្រះរាជា ណាចក្រកម្ពុជា លេចត្រដែតឡើងលើឆាកអន្តរជាតិ។ ព្រឹទ្ធសភាសូមសម្តែងនូវ ការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លា ពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភា ដំណើរការទៅមុខដោយរលូន។

ចំពោះរបៀបវារៈទី២៖ពិនិត្យនិងអនុម័ត លើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភានោះ សមាជិកព្រឹទ្ធសភាហត្ថលេខី ចំនួន២១ រូប បានស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា ត្រង់ប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ ហើយសេចក្តីស្នើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដូចតទៅ៖
១- បង្កើតឱ្យមាននីតិវិធីអនុវត្តជាក់លាក់ សម្រាប់ធានានូវការប្រព្រឹត្តទៅដោយរលូន ក្នុងដំណើរការសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ របស់ព្រឹទ្ធសភា ស្របតាមស្មារតី មាត្រា ១០៦ ថ្មី (ពីរ) មាត្រា ១០៩ថ្មី និងមាត្រ ១១៤ថ្មី (មួយ)នៃរដ្ឋធម្មនុញ្ញ និង សង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។

២- អនុញ្ញាតឱ្យដំណើរការសម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមស្មារតីមាត្រា ១០៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ប្រការ ៦១ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្តែង ក្នុងបរិបទកូវីដ-១៩ ។

៣- ធានាឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការងាររបស់ព្រឹទ្ធសភា ជាមួយនឹងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ព្រមទាំងបំពេញការងារការទូត​សភាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា ។

ជារួមការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា រៀបចំឡើង ដើម្បីកែសម្រួលបំពេញ បន្ថែមនូវខ្លឹមសារ ដើម្បីឱ្យមានសង្គតិភាព ទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ បរិបទនៃការវិវឌ្ឍថ្មី និងការអនុវត្តរដ្ឋសភា ព្រមទាំងស្របទៅនឹងស្ថានភាព នៃការអនុវត្តជាក់ស្តែង ក្នុងការធានាបាន នូវនិរន្តរភាព និងកិច្ចដំណើរការជាប្រក្រតី​របស់ព្រឹទ្ធសភា។ តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រ ចំនួន ៥៩ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ V / N