ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រដ្ឋមន្ត្រីការបរទេសចិនលោក ឈីន ហ្កាង បាននិយាយនៅថ្ងៃអង្គារទី៧មីនានេះថា ចិនមិនបានផ្គត់ផ្គង់គ្រឿងសព្វាវុធទៅអោយរុស្ស៊ីដើម្បីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែនទេ និងថាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរក្នុងលោកមួយនេះកំពុងត្រូវគេទាញអោយចូលពាក់ព័ន្ធក្នុងជម្លោះដោយមិនយុត្តិធម៌។
លោកឈីនបានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថា «ចិនមិនបានបង្កើតវិបត្តិនេះទេ។ចិនមិនជាភាគី់មួយនៃជម្លោះនេះទេ»។
«ហើយចិនក៏មិនបានផ្គត់ផ្គង់សព្វាវុធទៅអោយភាគីនៃជម្លោះមួយណាដែរ។ហេតុអ្វីនៅលើផែនដីនេះមានការបន្ទោសនិងទណ្ឌកម្មលើចិន? វាមិនអាចទទួលយកបានទាល់តែសោះ»។
ទំនាក់ទំនងជិតដិតរបស់ចិនជាមួយរុស្ស៊ីត្រូវបានតាមឃ្លាំមើលពីក្រុមលោកខាងលិចចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាចូលប្រទេសក្បែរខាងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រទេសជាច្រើនជាពិសេសរដ្ឋាភិបាលលោកខាងលិចទទូចសុំអោយប្រធានាធិបតីចិន ស៊ី ជីនភីង ធ្វើច្រើនឡើងបន្ថែមទៀតដើម្បីដាក់សម្ពាធលើរុស្ស៊ីអោយបញ្ចប់សង្គ្រាម។
អាម៉េរិកនិងសម្ពន្ធមិត្តបាននាំគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី រួមមានកាត់ផ្តាច់ការចូលប្រើប្រព័ន្ធទូទាត់ហិរញ្ញវត្ថុសកលតាមធនាគារ ដែលនាំដល់ការបញ្ឈប់អាជីវកម្មរបស់ក្រុមហ៊ុនពហុជាតិរាប់រយនៅរុស្ស៊ី។
នៅមួយរយៈពេលចុងក្រោយនេះអាម៉េរិកបានកៀរគរសម្ពន្ធមិត្តអោយត្រៀមដាក់ទណ្ឌកម្មលើចិន បើសិនជារដ្ឋាភិបាលទីក្រុងប៉េកាំងផ្តល់សព្វាវុធនិងគ្រាប់រំសេវដល់រុស្ស៊ីសំរាប់សង្គ្រាមនៅអ៊ុយក្រែន។អាម៉េរិកបាននិយាយថាផ្នែកចារកម្មរបស់ខ្លួនដឹងថា ចិនប៉េកាំងកំពុងពិចារណាធ្វើដូច្នេះ តែរដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថាវាជាព័ត៌មានមិនពិត ហើយចិននៅតែមិនចូលខាងភាគីខាងណាទេក្នុងជម្លោះនេះ។
ទោះជាយ៉ាងណារដ្ឋមន្ត្រីការបរទេសចិនលោក ឈីន ហ្កាង បាននិយាយថា« កាលណាពិភពលោកកាន់តែអស្ថិរភាព ចិននិងរុស្ស៊ីកាន់តែជំរុញទំនាក់ទំនងរបស់ខ្លួន។ចិនគាំទ្រកិច្ចពិភាក្សារកសន្តិភាព តែកិច្ចខិតខំរបស់ខ្លួនត្រូវបានគេបំផ្លាញចោលជាថ្មីទៀត។វាទំនងជាមានដៃមើលមិនឃើញណាមួយរុញអោយជម្លោះនេះអូសបន្លាយនិងកាន់តែធ្ងន់ធ្ងរទៅ។តាមពិតវិបត្តិអ៊ុយក្រែនជាសោកនាដកម្មមួយដែលអាចបញ្ចៀសបាន»៕
លោកឈីនបានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃអង្គារ