​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឆ្កែ​ពីរ​ក្បាល​បាន​រំខាន​ដល់​ការ​សូត្រធម៌​នៅ​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​ប្រទេសប្រេ​ស៊ីល​ជា​មួយនឹង​ភាព​ស្រើបស្រាល​របស់​ពួក​វា បន្ទាប់​ពី​ឡើង​លើ​ឆាក​ហើយ​ប្រឡែង​គ្នា មុន​ពេល​ឆ្កែ​មួយ​ឡើង​ពាក់​ពីលើ​ឆ្កែ​មួយ​ទៀត​នៅ​កណ្តាល​ម៉ោង​សូត្រធម៌​របស់​អាចារ្យកា​តូ​លិក​។​

​គ្រា​ដ៏​គួរឱ្យ​អស់សំណើច​នេះ​ត្រូវ​បាន​ថត​នៅលើ​វីដេអូ ហើយ​ក្រោយមក​ត្រូវ​បាន​ចែករំលែក​ដោយ​អាចារ្យ ដែល​អស់សំណើច​យ៉ាងខ្លាំង​ចំពោះ​ឆ្កែ​ទាំងពីរ រួម​ជាមួយនឹង​ក្រុម​ជំនុំ​របស់គាត់​។​

​លោក​ឪ ព័រ​រ៉េ ម៉ូ​រី​ស៊ី​អូ (Pierre Maurício) កំពុង​សូត្រធម៌​នៅ​ព្រះវិហារ​សាន់​តា​រីតា (Santa Rita) ក្នុង​ទីក្រុង​ហ្សូ​អ៊ីសដេ​ហ្វូ​រ៉ា (Juiz de Fora) រដ្ឋ​មី​ណាស់ជើ​រ៉ា​អ៊ីស (Minas Gerais) កាលពី​ខែ​មុន នៅពេល​សត្វ​ឆ្កែ​វង្វេងផ្លូវ​បាន​ចូល​អុកឡុក​និង​ដណ្តើម​ការចាប់អារម្មណ៍​ក្នុង​ពិធី​។​

​នៅពេល​ដែល​គាត់​ព្យាយាម​និយាយ​អំពី​តួនាទី​របស់​ព្រះវិហារ​ក្នុង​រដូវ​បុណ្យ​ខា​នី​វ៉​ល​ឆ្នាំនេះ គេ​ឃើញ​ឆ្កែ​ពីរ​ក្បាល​សម្រុកចូល​មក​តាម​ច្រក​មុខ​ព្រះវិហារ​។​

​អ្នក​ចូល​ព្រះវិហារ​និង​ក្រុមមន្ត្រី​នាំគ្នា​នៅ​ស្ងៀម ខណៈ​ឆ្កែ​លោត​ចុះ​ឡើង​ទៅ​កន្លែង​ដែល​អាចារ្យ​កំពុង​ឈរ​នៅមុខ​ឈើ​ឆ្កាង ហើយ​ចាប់ផ្ដើម​ប្រឡែង​លេង​ជុំវិញ​ជើង​គាត់​។​

​លោក​ឪ​ព័រ​រ៉េ​បាន​ព្យាយាម​ទប់ចិត្ត​មិន​សើច​ពេល​ដែល​សត្វ​ឆ្កែ​កាន់តែ​វីវក់ មុន​ពេល​ឆ្កែ​មួយ​ស្ទុះ​មក​ពាក់​អា​មួយទៀត​នៅ​ពី​មុខ​លោក​អាចារ្យ​។​

​លោក​ឪ​បាន​យកដៃ​បាំង​ភ្នែក​ហួសចិត្ត​ចំពោះ​ទង្វើ​មិន​សមរម្យ​របស់​ឆ្កែ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ទាំងពីរ​។​

​ប៉ុន្តែ​គ្រូ​គង្វាល​រូប​នេះ​មិន​អាច​ទប់​សំណើច​បាន​ឡើយ​ហើយ​និយាយថា “​ពួក​ឯង​មិនទាន់​បាន​ទទួលពរ​មង្គលការ​នៅ​ឡើយ​ទេ ធ្វើ​ចឹង​មិនទាន់​បាន​ឡើយ​”​។​

​ខណៈ​អ្នក​ចូល​ព្រះវិហារ​ផ្ទុះ​សំណើច គាត់​បាន​បន្តថា “​តើ​មាន​អ្វី​កើតឡើង​? អូ​ព្រះ​អើយ​ជួយ​ផង​។ ព្រះ​យេស៊ូ​ជាទីគោរព​។ ខ្ញុំ​ទើបតែ​ដឹងថា ពួក​វា​មិន​ទាន់​រៀបការ​”​។​

​គាត់​បាន​ប្រាប់​ឆ្កែ​ទាំងពីរ​ថា “​កូនៗ​របស់​ឪ ឯង​មិន​អាច​ធ្វើ​ដូច្នេះ​នៅ​ទីនេះ​បានទេ​។ សូម​នាំគ្នា​ចូល​ព្រៃ​ទៅ​”​។​

​ក្មេងស្រី​តូច​ម្នាក់ ដែល​អង្គុយ​ក្បែរ​ឈើ​ឆ្កាង បាន​ផ្ទុះសំណើច ហើយ​ត្រូវ​ខ្ទប់​មាត់​ពេល​នាង​សើច​កក្អឹក​ចំពោះ​ឆ្កែ​ទាំងពីរ​៕

​ឆ្កែ​ឆាឆៅ​និង​ពាក់​គ្នា​ពី​មុខ​លោក​ឪ​ព័រ​រ៉េ ម៉ូ​រី​ស៊ី​អូ នៅ​ប្រេ​ស៊ីល​កាលពី​ខែ​មុន