ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា សព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជា ពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាល ប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិ យើងទំាងសងខាង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យបណ្ឌិត ផាក ជុងវូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថាៈ រដ្ឋសភាប្រទេសទំាងពីរ បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរ តែងគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក ។
សម្តេចចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមំាថាៈ ក្នុងអាណត្តិបេសកកម្ម ការទូតថ្មី របស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹង ពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
លោកបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសម នាឱកាសនេះ។ លោកបណ្ឌិត បានអបអរសាទរ និងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ ៕ V / N