ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ស្ត្រីហុងកុងម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនពាក់ព័ន្ធនឹងឃាតកម្មដ៏សាហាវឃោរឃៅលើតារាបង្ហាញម៉ូត អាប់ប៊ី ឆយ (Abby Choi) ដោយក្លាយជាមនុស្សទី ៧ ដែលត្រូវបានឃុំខ្លួនក្នុងសំណុំរឿងនេះ។
ប្រភពដែលដឹងពីករណីនេះបានប្រាប់សារព័ត៌មាន South China Morning Post ថា ជនសង្ស័យត្រូវបានប្រគល់ឱ្យទៅប៉ូលិសហុងកុងនៅចំណុចត្រួតពិនិត្យព្រំដែនកាលពីថ្ងៃអង្គារទី៧មីនា។
លោកបាននិយាយថា ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានជួយជនល្មើសទាក់ទងនឹងការសម្លាប់តារាបង្ហាញម៉ូតវ័យ ២៨ ឆ្នាំ។ នាងជាជនទី៣ដែលត្រូវបានចាប់ខ្លួនពីបទជួយជនល្មើសក្នុងករណីឃាតកម្មដែលបានបែកធ្លាយល្បីឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ។
ជាមួយគ្នានេះដែរ ជនសង្ស័យទីប្រាំមួយ គឺបុរសអាយុ ៤១ ឆ្នាំ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាចំនួន ៥០.០០០ ដុល្លារហុងកុង (៦.៣៦៨ ដុល្លារ) កាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋអាជ្ញាចោទប្រកាន់គាត់ពីបទព្យាយាមជួយឃាតករម្នាក់ឱ្យរត់គេចពីទីក្រុង នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Strait Times។
ឃាតកម្មដ៏សាហាវរបស់ឆយបានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។ នាងត្រូវបានរាយការណ៍ថាបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែកុម្ភៈ ហើយផ្នែកនៃសាកសពរួមទាំងជើងរបស់នាងត្រូវបានរកឃើញនៅថ្ងៃទី ២៤ ខែកុម្ភៈ។
ក្បាលរបស់នាងត្រូវបានរកឃើញនៅពីរថ្ងៃក្រោយមក រួមជាមួយផ្នែកផ្សេងទៀតនៃរាងកាយ នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយនៅក្នុងផ្ទះជួលមួយនៅសង្កាត់តៃប៉ូ (Tai Po) នៅជាយក្រុងហុងកុង។ សមត្ថកិច្ចក៏បានរឹបអូសផងដែរនូវម៉ាស៊ីនកិនសាច់មួយគ្រឿង ម៉ាស៊ីនអារឈើ និងកាំបិត។
លោកក្វុង (Kwong) និងមនុស្សបីនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការសម្លាប់យ៉ាងព្រៃផ្សៃនេះ។ អ្នកទាំងបីជាបងប្រុស ឪពុក និងម្ដាយរបស់លោកក្វុង។ ពួកគេគ្រោងនឹងបង្ហាញខ្លួននៅតុលាការម្ដងទៀតនៅថ្ងៃទី ៨ ខែឧសភា។
មេក្លោងនៅពីក្រោយឃាតកម្មនេះត្រូវគេជឿថាជាឪពុករបស់ក្វុងនិងជាអតីតឪពុកក្មេករបស់នាងឆយ គឺលោក ក្វុង គូ (Kwong Kau) អាយុ ៦៥ ឆ្នាំ ដែលជាអតីតប៉ូលិស។ ប៉ូលិសនិយាយថា ជម្លោះទ្រព្យសម្បត្តិអាចជាហេតុផលដែលឈានដល់ការសម្លាប់នេះ៕
តារាបង្ហាញម៉ូតហុងកុង នាង អាប់ប៊ី ឆយ ត្រូវបានសម្លាប់យ៉ាងសាហាវឃោរឃៅ
ប៉ូលីសហុងកុងអមការពារជនសង្ស័យនៅកំពង់ផែព្រំដែន សិនចិន ចូលមកហុងកុងវិញកាលពីថ្ងៃ៧មីនា