ដោយៈ សុផល / ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកា សរុបជាង ៣០ ម៉ឺនដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន ៣ សម្រាប់អនុវត្តគម្រោងអប់រំ នៅជនបទ និងស្ដាrរលទ្ធភាពពលកម្មជនពិការ នៅកម្ពុជា ក្រោមគ្រោងការសហប្រតិបត្តិការ សេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ។
កិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ថវិកាចំនួន ១២០.៧៦៨ ដុល្លារ ត្រូវផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សា ចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សប្រមាណ ២២០ នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
ថវិកាចំនួន ៩១.០១០ ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សភ្នំរអិល ក្នុងស្រុកព្រែកប្រសព្វ ចំនួន១ខ្នង មាន ៥ បន្ទប់ បង្គន់អនាម័យចំនួន ១ខ្នង មាន ៣ បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សសរុបចំនួន ២៦៦ នាក់ និងគ្រូបង្រៀន ចំនួន ៧ នាក់ ។
ចំណែកថវិកាជាង ៨៩.០០១ ពាន់ដុល្លារ សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍ សិប្បនិម្មិត និងឧបករណ៍ព្យាបាល ដោយចលនា ១១ ប្រភេទ នៅមជ្ឈមណ្ឌលជាតិ ស្ដារលទ្ធភាពពលកម្មជនពិការ គៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន ៩០០ នាក់ ក្នុងមួយឆ្នាំ។
ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេស ឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានគោលបំណងការពារជនងាយ រងគ្រោះ ពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែង ដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៦៦ លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៧០២ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕ V / N