ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់ សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើការងារគ្រប់គ្រង ហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ជៀសវាង ពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗនៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ បានធ្វើឡើង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ហួត ហៃ និងលោក ហ៊ុន សុរិទ្ធី ទាំងពីរនាក់ ជាអភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី ភ្នំពេញ។
លោក ហួត ហៃ បានមានប្រសាសន៍ថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់ សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ គ្រប់គ្រងជនបរទេស ឱ្យបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេសរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ្រប់ទម្រង់ ទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសំអាតប្រាក់ ។
លោក ហួត ហៃ បានបញ្ជាក់ផងដែរថា៖ ជាជំហានដំបូងនេះ យើងគ្រាន់តែផ្សព្វផ្សាយ ច្បាប់តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យបងប្អូន ជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូ ចំនួន ៣ខែ គឺខែមេសា ឧសភា និងមិថុនា ។ ក្រោយពេល ៣ ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ច ទាំង ២ ភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចុះពិនិត្យដល់ទីតាំងអាជីវកម្ម របស់បងប្អូនតែម្តង ។ ជនបរទេស មករកស៊ី ធ្វើការ និងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពី ច្បាប់របស់កម្ពុជា និងអនុវត្តឱ្យបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពី ច្បាប់របស់កម្ពុជា។
ដោយឡែក លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍ដែរថា៖ ចំពោះការងារខាងលើនេះ មាន ៣ ដំណាក់កាល ដែលបងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូ ត្រូវដឹង ក្នុងនោះ ទី១–គឺអាជ្ញាធរត្រូវណែនាំ និងផ្សព្វផ្សាយ ដើម្បីឱ្យបងប្អូនបានដឹងពីច្បាប់ យកទៅអនុវត្ត កុំឱ្យប្រព្រឹត្តខុសច្បាប់ រហូតមានទោសទណ្ឌ ។ ទី២– អនុវត្តវិធានការរដ្ឋបាល ដោយចុះពិនិត្យដល់ទីតាំង និងទី៣– វិធានការច្បាប់។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តី លោកសុំឱ្យបងប្អូន ជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួម គ្នា លុបបំបាត់ និងបង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទបាន៕/V-PC