ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្នាននគរបាលខេត្ត ត្បូងឃ្មុំ បានចាប់ខ្លួនឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសិល្ប៍ និងដកហូត កាំភ្លើងចំនួនប្រាំដើម និងគ្រាប់កាំភ្លើងជិត ៣០០គ្រាប់ និងខ្នោះដៃ។ ការចាប់ខ្លួនឧកញ៉ារូបនេះ គឺតាមដីការបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក»។


មន្ត្រីនគរបាលបានប្រាប់រស្មីកម្ពុជានៅមុននេះបន្តិចថា នៅពេលចាប់ខ្លួន សមត្ថកិច្ចបាន រកឃើញអាវុធខ្លីចំនួនប្រាំដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភា ពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពម ចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។

ប្រភពបានបញ្ជាក់ថា ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៦ខែ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៣ខែ រីឯទោសនៅសល់ពីនេះត្រូវព្យួរធម្មតា ពីបទ៖ ឆបោក ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពី អំឡុងឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្ដឱ្យផ្ដន្ទាទោសតាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ តាមសាលដីកាព្រហ្មទណ្ឌលេខ ២៧២ ព្រ.ទ ក្រ (ម.ម.ច) ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ របស់សាលាឧទ្ធរណ៍ ត្បូងឃ្មុំ។

ចំណែកលោកតូច ឧត្តម តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត ឈ្មោះ អ៊ឹម ប្រុស ហៅគ្រូសិល្ប៍ អាយុ ៥៦ឆ្នាំ មុខរបរជាគ្រូទាយ ដើម្បីយកមកអនុវត្តទោសនៅពន្ធនាគារខេត្តកំពង់ចាម៕សរន / N