សម្តេច​ពិជ័យ​សេនា​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ចំនួន​៤ ឲ្យ​កងកម្លាំង​កងរាជអាវុធហត្ថ​អនុវត្ត​ឲ្យ​បាន នៅមុន​ពេល និង​អំឡុងពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

1379
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ថ្មី​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានដាក់​ចេញ​នូវ​បទបញ្ជា ចំនួន​៤​ចំណុច​សំខាន់ៗ ឲ្យ​កងកម្លាំង កងរាជអាវុធហត្ថ អនុវត្ត​ឲ្យ​បាន នៅមុន​ពេល និង​អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​នេះ ខណៈដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​ខួប​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ល្អ​ប្រណិត​ចំនួន​ពីរ​អគារ និង​សម​ទ្ធិ​ផល​នានា ដែល​ចំណាយ​ថវិកា​អស់​ជាង​២​លាន​ដុល្លារ​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​អស់លោក​លោកស្រី​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ នាយទាហាន​ពលទាហាន​និង​ពល​អាវុធហត្ថ​ជាង​៦០០​នាក់​។​

 

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ជូន​ដល់​អង្គពិធី​ផងដែរ​។ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ថ្លែងអំណរគុណ​លោកនាយ​ឧ​ត្ត​ម សៅ សុខា មន្ត្រី​កងរាជអាវុធហត្ថ និង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ដែល​កសាង​កន្លែង​ទីបញ្ជាការ​បានល្អ​ប្រណិត ទុក​សម្រាប់ធ្វើ​ការងារ​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានដាក់​ចេញ​នូវ​បទបញ្ជា ចំនួន​៤​ចំណុច​សំខាន់ៗ ឲ្យ​កងកម្លាំង កងរាជអាវុធហត្ថ អនុវត្ត​ឲ្យ​បាន នៅមុន​ពេល និង​អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​នេះ​គឺ បទបញ្ជា​ទី​១. កងរាជអាវុធហត្ថ ត្រូវ​ពង្រឹង​ការការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ទី​២. រួមគ្នា​ធានា​ឲ្យ​បានការ​បោះឆ្នោត ដែល​ដំណើរការ​ដោយ​សេរី យុត្តិធម៌ ដែល​ច្បាប់បោះឆ្នោត​បាន​តម្រូវ​។ ទី​៣. បន្ត​លើកកម្ពស់​ការថែរក្សា​សុខ​សន្តិភាព សាធារណៈ តាមរយៈ​ការពង្រឹង​វិន័យ សីលធម៌ ឲ្យ​សង្គម​កាន់​តែមាន​ស្ថិរភាព និង​ចំនុច​ទី​៤. កងរាជអាវុធហត្ថ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន ក្រសួង និង​ប្រទេស​ជា​មិត្ត ធ្វើយ៉ាងណា​សំដៅ ធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន និង​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​រីកចម្រើន​។

​សម្តេច​ពិជ័យ​សេនា នៅក្នុង​ឱកាស​ដដែល​នេះ ក៏បាន​អបអរសាទរ​ផងដែរ ចំពោះ​សកម្មភាព របស់​កងរាជអាវុធហត្ថ ដែល​បាន​អនុវត្ត​កន្លងមក ដោយបាន​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល គ្រប់​កាលៈទេសៈ​ទាំងអស់ ក្នុងការ​ការពារជាតិ​មាតុភូមិ​។ សម្តេច​បានលើកឡើង​ដែរ​ថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នា​ថ្ងៃនេះ គឺជា​ការលើកទឹកចិត្ត របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះ​កងរាជអាវុធហត្ថ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ការថែរក្សា​សុខសន្តិភាព​។ សម្តេច​ថា សុខសន្តិភាព​នេះហើយ ដែល​បានធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន ដូច​បច្ចុប្បន្ន​។​

​សម្តេច​ពិជ័យ​សេនា​ក៏បាន​អំពាវនាវ​ដល់​កម្លាំង​ទាំងអស់ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​អោយបាន​គ្រប់ៗ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់ និង​ពេញចិត្ត​ក្នុងការ​ទទួលបាន​សម​ទ្ធិ​ផល​ជាច្រើន​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម