ដោយៈ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោងលើកកម្ពស់សិទ្ធ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមាន​ជីវិតពីរបបខ្មែរក្រហម/ភ្នំពេញ៖នាព្រឹកព្រលឹមថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងការលើកកម្ពស់សិទ្ធ និងការធ្វើឱ្យ​ប្រសើរ​ឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាចុះសួរសុខទុក្ខ និងពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៤នាក់ នៅក្នុងសាលាបុណ្យវត្តលង្កា។កម្មវិធីចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក រហូតដល់ម៉ោង ១០:៣០ព្រឹក។

អ្នកចូលរួមទាំងអស់សុទ្ធតែធ្លាប់បានផ្តល់នូវបទសម្ភាសន៍ពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហម និងពីស្ថានភាពរស់ នៅ បច្ចុប្បន្ន។ លោកយាយលោកតាដែលស្នាក់នៅក្នុងវត្ត គឺមានអាយុប្រមាណជា ៥៥ឆ្នាំ រហូតដល់ ៩២ឆ្នាំ ហើយមានបញ្ហាសុខភាព ដូចជា លើសឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពះពោះវៀន។ ភាគច្រើនលោកតាលោកយាយពុំបានទៅពិនិត្យសុខភាព ទៀងទាត់ នោះទេ ដោយសារខ្វះខាតថវិកា។

ក្រោយពេលបានទទួលការពិនិត្យសុខភាព និងប្រឹក្សាពីជំងឺ ដោយវេជ្ជបណ្ឌិត ដេមី រៃយ៍ អ្នកចូលរួមមានទឹកមុខស្រស់ស្រាយ និងសំឡេង សើចរីករាយខ្លាំងព្រោះមិនដែលនឹកថានឹងមានវេជ្ជបណ្ឌិតជំនាញមកពិនិត្យជូនដល់ទីកន្លែង ថែមទាំងមានអាហារ និងកញ្ចប់អនុស្សាវរីយ៍ ជូនដល់គាត់ទៀតផង។ ក្នុងនោះដែរក៏មានការសំណូមពរចង់ជួបវេជ្ជបណ្ឌិត ដេមី រៃយ៍ ម្តងទៀត ក្រោយពេលព្យាលបាលតាមវេជ្ជបញ្ជា បានរយៈពេល ១ខែរួច ព្រោះគាត់ចង់ដឹងថា តើមានការប្រសើរឡើងដែរឬយ៉ាងណា?។

គួរបញ្ជាក់ដែរថា កម្មវិធីពិនិត្យសុខភាពជាបឋមនៅវត្តលង្លកាមានដូចជា៖ ការពិនិត្យសម្ពាធឈាម តេស្តមើលជាតិស្ករក្នុងឈាម និងពិនិត្យ ចង្វាក់បេះដូងដោយម៉ាស៊ីន ECG និងការប្រឹក្សាព្យាលបាលដោយវេជ្ជបណ្ឌិតជំនាញជនជាតិហ្វីលីពីនឈ្មោះ ដេមី រៃយ៍។

លោកយាយ ពិន ចាន់ថេល មានអាយុ ៧៥ឆ្នាំ ស្នាក់នៅក្នុងវត្ត មានបងប្អូនប្រាំនាក់ គឺស្រី បួននាក់ និងមានជំងឺខ្សោយបេះដូង ជំងឺលើស​ឈាម និងឈឺសន្លាក់។ ជំនាន់ លន់ នល់ លោកយាយធ្វើការខាងពេទ្យព្រោះមានបងប្អូនយកទៅផ្ញើនៅពេទ្យឆ្មប។

នៅក្នុងរបបខ្មែរក្រហមលោកយាយមានអាយុ ២៨ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបងហើយបែកបាក់ពីគ្រួសារ។ ជារឿយៗ​លោកយាយ តែងតែនឹកឃើញពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហម ជាពិសេស ពេលហូបអាហារ និងពេលក្រោកពីព្រឹក​ហាត់ប្រាណ ព្រោះក្នុងរបបខ្មែរក្រហមម៉ោងពេលធ្វើការគឺអាស្រ័យលើព្រះអាទិត្យរះពេលព្រឹក និងព្រះអាទិត្យលិចពេលល្ងាច ហើយក្នុង​ខែខ្លះថ្ងៃរះលឿន ហើយលិចទៅវិញយឺតតាមគន្លងព្រះអាទិត្យ ដែលធ្វើឱ្យលោកយាយ ក៏ដូចជាប្រជាជនផ្សេងទៀត មិនបានសម្រាក និងមិនមានអាហារគ្រប់គ្រាន់។

ចំពោះចំណាប់អារម្មណ៍របស់លោកយាយ ចាន់ថេល ក្នុងការចូលរួមកម្មនាពេលព្រឹកមិញនេះ គឺយាយមានការរីករាយណាស់ ដោយ​មជ្ឈមណ្ឌល​ឯកសារកម្ពុជាបានយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់លោកយាយនិងលោកតាដែលស្នាក់នៅក្នុងវត្ត ព្រោះកន្លងមិន​មាន​សកម្មភាពបែបនេះទេក្នុងទីវត្តអារាម ក្នុងនោះដែរក្រុមការងារក៏បាននាំនូវវេជ្ជបណ្ឌិតជំនាញ ដែលបានជួយពិនិត្យ និងប្រឹក្សាជំងឺដល់​លោកយាយ ហើយផ្តល់នូវវេជ្ជបញ្ជាសម្រាប់ការព្យាបាលជំងឺដោយត្រឹមត្រូវ។

លោកយាយ ទាវ សុភា មានអាយុ ៦៥ឆ្នាំ សព្វថ្ងៃនេះរស់នៅក្នុងវត្តលង្កា មានជំងឺក្រពះពោះវៀន ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និង​ឈឺសន្លាក់។ លោកយាយមិនអាចបំភ្លេចពីបទពិសោធន៍ ដែលគាត់ធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហមទេ ទោះបីជាខំប្រឹងបំភ្លេចយ៉ាង​ណាក៏​ដោយ ក្នុងនោះដែរលោកយាយក៏តែងតែរៀបរាប់ប្រាប់ដល់កូនចៅ ក្មេងៗពីបទពិសោធន៍ដ៏ឈឺចាប់ទាំងនោះ តែមានខ្លះក៏ជឿ និងខ្លះទៀត​ក៏មិនជឿទេ។ បទពិសោធន៍នៅក្នុងរបបខ្មែរក្រហមដូចរស់នៅក្នុងគុកឥតជញ្ជាំង គ្មានសេរីភាព ធ្វើការច្រើនតែទទួលបាន​អាហារតិច ដោយ​សារម៉ោងពេលធ្វើការពឹងលើពន្លឺព្រះអាទិត្យ ក្នុងខែរនោចដែលព្រះអាទិត្យរះទាបភ្លឺ គឺចាប់ផ្តើមជីកប្រឡាយតាំងពី​ម៉ោង៤ទាប​ភ្លឺរហូត​ដល់ម៉ោង ១១ព្រឹក ។ដោយឡែកក្នុងខែខ្នើត ដែលព្រះអាទិត្យភ្លឺពេលព្រលប់ គឺចាប់ផ្តើមជីកប្រឡាយបន្តក្រោយហូបបាយល្ងាចរហូត​ដល់១០យប់ទើបប្រធានកងផ្លុំកញ្ចែឲ្យសម្រាក ហើយរណ្តៅដែលឲ្យជីកមានជម្រៅជ្រៅរហូតដល់ ១២ម៉ែត្រ ប្រសិនបើមានការបាក់ ឬធ្លាក់ គឺមិនរស់ទេ។ ប៉ុន្តែសំណាងល្អ លោកយាយ សុភា មិនដែលបានជួបនូវគ្រោះថ្នាក់ ឬបាក់ដីសង្កត់ឡើយ។

ចំពោះចំណាប់អារម្មណ៍របស់លោកយាយ សុភា ក្នុងការចូលរួមកម្មវិធី ព្រឹកមិញនេះ គឺលោកយាយមានការសប្បាយរីករាយ និងអរគុណ​ក្រៃលែងចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបាននាំមកនូវកម្មវីធីពិនិត្យសុខភាពជាមួយនឹងវេជ្ជបណ្ឌិតជំនាញដល់ទីកន្លែង ហើយបាន​ព្យាបាលដោយចេញវេជ្ជបញ្ជាដើម្បីឲ្យលោកយាយទិញថ្នាំលេបដោយត្រឹមត្រូវ ជាពិសេសក្រុមការងារបានផ្តល់នូវការពិនិត្យចង្វាក់បេះ​ដូង​ដល់លោកតាលោកយាយដោយម៉ាស៊ីន ECG ទៀតផង។

លោកយាយមានសំណូមពរឱ្យក្រុមការងារត្រឡប់មកជួយពិនិត្យសុខភាពជូនគាត់ឱ្យបានច្រើនដងក្នុងមួយឆ្នាំ ប្រសិនបើអាចធ្វើបាន គឺសុំឱ្យ​មានកម្មវិធីពិនិត្យសុខភាពរៀងរាល់បីខែម្តង ឬមួយឆ្នាំម្តង។

ភាគច្រើនប្រជាជនកម្ពុជាដែលរស់រានពីរបបខ្មែរក្រហម និងអ្នកស្នាក់នៅទីវត្តអារ៉ាម គឺជាស្រ្តីមេម៉ាយ។ ស្ត្រី បានដើរតួយ៉ាងសំខាន់ក្នុង​សាសនា ក្នុងគ្រួសារ និងក្នុងការកសាងប្រទេសជាតិ៕សរន

រូបថត៖នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគម្រោងការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នក​រស់រាន​​មានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាចុះសួរសុខទុក្ខ និងពិនិត្យសុខភាពបឋម​ជូនអ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៤នាក់ នៅក្នុងសាលាបុណ្យវត្តលង្កា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)