​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពលរដ្ឋ​អាម៉េរិក​ពីរ​នាក់ ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម៉ិក​ស៊ិក ត្រូវ​គេ​រកឃើញ​ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា ខណៈ​ពីរ​នាក់​ទៀត​នៅ​រស់រាន​មានជីវិត នៅក្នុង​អ្វីដែល​ក្រុម​មន្ត្រី​និយាយ​ថា ហាក់បីដូចជា​សោកនាដកម្ម​នៃ​ការច្រឡំ​អត្តសញ្ញាណ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​ធ្វើ​អ្វី​គ្រប់​យ៉ាង​នៅក្នុង​អំណាច​របស់​ខ្លួន​ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ទីក្រុង​ញាំញី​ដោយ​ឧក្រិដ្ឋកម្ម ម៉ា​តា​ម៉ូ​រ៉ូស (Matamoros) ក្នុង​រដ្ឋ​ថា​មូលី​ប៉ាស (Tamaulipas) កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ហេតុផល​វេជ្ជសាស្ត្រ​។​

​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​ថា​មូលី​ប៉ាស លោក អៀ​វី​ង បា​រៀស (Irving Barrios) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការចង្អុលបង្ហាញ​បឋម​គឺ​ថា​ការ​ចាប់ពង្រត់​គឺជា​លទ្ធផល​នៃ “​ការយល់ច្រឡំ​” ជាជាង​ការវាយប្រហារ​ដែល​បាន​កំណត់​គោលដៅ​ទុកជាមុន​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នក​នៅ​រស់​ទាំង​ពីរ​នាក់​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​សហរដ្ឋ​អាម៉េរិក​វិញ​តាម​ច្រក​ព្រំដែន​គោក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​បាន​បញ្ចេញ​ឈ្មោះ​ជង​រងគ្រោះ​ទាំងពីរ​គឺ ឡា​តាវៀ វ៉ាស៊ីនតោន ម៉ា​ហ្គី (Latavia Washington McGee) និង អេ​រិក ជេ​មស៍ វី​លលៀម (Eric James Williams)​។​

​យោង​តាម​អភិបាលរដ្ឋ​ថា​មូលី​ប៉ាស លោក អា​មេ​រីកូ វី​ល​យ៉ា​រៀល (Americo Villarreal) បានឱ្យដឹងថា អ្នក​នៅរ​ស់ម្នាក់​បានរ​ង​របួស​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង និង​ម្នាក់​ទៀត​មិនមាន​របួស​ទេ​។​

​លោក​បាន​និយាយថា ជនរងគ្រោះ​បាន​ទៅលេង​ម៉ិក​ស៊ិក ដោយសារតែ​ពួកគេ​ម្នាក់​ក្នុងចំណោម​នោះ​មាន​គម្រោង​ធ្វើការ​វះកាត់​កែ​សម្ផស្ស​។​

​គេ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​ការស្លាប់​ទាំង​ពីរ​នោះ​បាន​កើតឡើង​មុន​ឬ​អំឡុងពេល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ​ទេ ប៉ុន្តែ​លោក​វីយ៉ា​រៀល​និយាយថា ការស៊ើបអង្កេត​បឋម​បានបង្ហាញ​ថា អ្នក​ទាំង​បួន​នៅ​មានជីវិត​រហូតដល់​យ៉ាងហោច​ណាស់​ថ្ងៃ​ចន្ទ​។​

​លោក​បាន​បន្តថា “​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់​ពី​អំពើ​ឧក្រិដ្ឋកម្ម មនុស្ស​ទាំង​បួន​នាក់ ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​សេរីភាព ត្រូវបាន​ផ្ទេរ​ទៅ​កន្លែង​ផ្សេងៗ​រួម​ទាំង​គ្លីនិក​មួយ​ផងដែរ​ក្នុង​គោលបំណង​បង្កើត​ភាពច្របូកច្របល់​និង​បញ្ចៀស​ការប្រឹងប្រែង​ជួយ​រំដោះ​”​។​

​លោក​វីយ៉ា​រៀល​បាន​បន្ថែមថា សាកសព​របស់​ពលរដ្ឋ​អាម៉េរិកពី​រនា​ក់​រំពឹ​ង​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ការសិក្សា​ផ្នែក​កោសល្យវិច្ច័យ​ត្រូវបាន​បញ្ចប់​ក្នុងប្រទេស​ម៉ិក​ស៊ិក​៕

​កងកម្លាំង​សន្តិសុខ​ម៉ិក​ស៊ិក​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការមួ​យ​ដើម្បី​បញ្ជូន​អ្នក​រស់រានមានជីវិត​ពី​ការ​ចាប់ជំរិត​ជនជាតិ​អាម៉េរិក​ពីរ​នាក់​ត្រឡប់​ទៅ​ទីក្រុង Brownsville រដ្ឋ​តិច​សាស់​វិញ