ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៣ បានប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង អនុប្រធាន និង​មន្ត្រី​ជា​ស្ត្រី​។​

​លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ជាពិសេស ថ្ងៃ​អបអរ​ទិវា​សិទ្ធិនារី​នេះ មន្ទីរ​បានរៀបចំ​ពិធី​ប្រកាស​តែងតាំង ចូលកាន់​តំណែង និង​ប្រគល់​ភារកិច្ច ជូន​មន្ត្រីរាជការ ចំនួន ២២ រូប ស្ត្រី ៥ រូប ក្នុងនោះ ថ្នាក់​អនុប្រធាន​មន្ទីរ ១​រូប ជា​ស្ត្រី គឺ​អ្នកស្រី បាន ច្រឹប ដែល​ឡើង​ពី​ប្រធានការិយាល័យ និង​ស្ត្រី​ថ្នាក់​អនុប្រធាន​ការិយាល័យ អង្គភាព និង​សេវា​ដ្ឋា​ន និ​ិ​ង​ក៏​តែងតាំង​លោក ចាន់ ណា​រឹទ្ធិ ពី​ប្រធានការិយាល័យ ឡើងជា​អនុប្រធាន​មន្ទីរ ខណៈ​អនុប្រធាន ២​រូប នៃ​មន្ទីរ គឺ​លោក ប្រាក់ សារ៉ាក់ បាន​ចូលនិវត្តន៍ និង​លោក ជា សុវណ្ណ​ធួន មាន​ជំងឺ​។​

​លោក សុក ចាន់ថា បាន​បន្តថាៈ មន្ទីរ មាន​ក្របខ័ណ្ឌ​មន្ត្រីរាជការ សរុប​ចំនួន ៦២ រូប ស្រី ១៨ រូប ឬ ២៣ ភាគរយ ហើយ​មន្ទីរ នៅបាន​យកចិត្តទុកដាក់ ក្នុងការ​តម្លើង ឋានន្តរសក្តិ និង​ថ្នាក់ ដល់​ស្ត្រី ក្នុង​ប្រភេទ​ក្របខណ្ឌ​របស់ខ្លួន មុន​ចូលនិវត្តន៍ ។ នេះ​ជា ការអនុវត្ត​តាម​សេចក្តីណែនាំ ក៏ដូចជា​អនុសាសន៍​របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត មន្ទីរ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ជំរុញ​លើកកម្ពស់ តម្លើង​ឋានន្តរស័ក្តិ តួនាទី និង​បង្កើន​ការចូលរួម​របស់​ស្ត្រី ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ មន្ទីរ​ត្រូវ​បន្ត​រួមគ្នា បន្ត​លើកកម្ពស់ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ពង្រឹង​សមភាព​យេនឌ័រ​របស់ រាជរដ្ឋាភិបាល ធានាបាន​នូវ​ភាព​នៃ​សុខសន្តិភាព និង​ព​ន្លឿ​ន​ល្បឿន នៃ​កិច្ច​អភិវឌ្ឍ​ជាតិ ជាពិសេស​ក្នុង​យុគសម័យ​ឌីជីថល និង​ការកសាង​មូលដ្ឋាន ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ កម្ពុជា មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ លោក​មាន​សេចក្តី សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី ចំនួន​ពីរ​៖ ទី​១ ពិធី​អបអរសាទរ​ខួប​លើក​ទី ១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៣ ,​ទី​២.​ពិធី​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច ជូន​មន្ត្រីរាជការ​ថ្នាក់​អនុប្រធាន​មន្ទីរ ជា​ស្ត្រី និង​ថ្នាក់​ការិយាល័យ​-​អង្គភាព​នៃ​មន្ទីរ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុង​ការងារ​គ្រប់គ្រង និង​ដឹកនាំ ។​

​សូមបញ្ជាក់ថា ក្នុងការ​អបអរ​នូវ​ការតែងតាំង ចូលកាន់​តំណែង និង​ទិវា​សិទ្ធិនារី​នេះ ក៏មាន​ការជូន​កន្ត្រក​បាច់ផ្កា វត្ថុ​អនុស្សាវរីយ៍ លៀង​សាយភោជន៍ និង​រីករាយ​រាំច្រៀង កម្សាន្ត ផងដែរ ៕/V​