ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អំពើហិង្សា​បាន​កើតមាន​នៅ​ទូ​ទាំង​បារាំង​កាលពី​ថ្ងៃ​អង្គារ​នៅពេល​មនុស្ស​រាប់ពាន់​នាក់​នាំគ្នា​ចេញ​មក​តាម​ដង​វិថី​ដើម្បី​ប្រឆាំងនឹង​កំណែ​ទំរង់សោធន​និវត្តន៍​របស់​ប្រធានាធិបតី​ម៉ា​ក្រុង​។​

​ប៉ូលីស​បង្ក្រាប​បាតុកម្ម​បាន​រត់​ដេញ​និង​តតាំង​ជាមួយ​បាតុករ​រាប់ពាន់​នាក់​នៅ​ទីក្រុង​ប៉ារីស​ក្នុង​អ្វីដែល​គេ​ដាក់ឈ្មោះថា​កូដកម្ម​ការងារ​«​ថ្ងៃ​អង្គារ​ពណ៌ខ្មៅ​»​នៅ​ទូទាំង​ប្រទេស​។​

​ហេតុការណ៍​អាក្រក់​បំផុត​បាន​កើត​ឡើង​នៅ​កៀក​នឹង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ព័រ រ៉ូយ៉ាល់​(Port Royal) កន្លែង​ដែល​ប៉ូលីស​រាបរយ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​គ្រាប់​បែកផ្សែង​និងដំបងបាន​តតាំង​ជាមួយ​បាតុករ ដែល​ចោល​របស់របរ​នានា​លើ​ពួកគេ ដុត​ធុងសម្រាម​និង​បំផ្លាញ​ចំណតរថយន្ត​ក្រុង​។​

​ហ្វូង​មនុស្ស​ធំៗ​ក៏​ត្រូវ​គេ​ឃើញ​នៅ​ទីក្រុង​ម៉ា​សី ទីក្រុង​នី​ស​និង​ទីក្រុង​ដទៃទៀត ហើយ​បញ្ហា​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កើត​ឡើង​នៅ​ទីក្រុង​ធំៗ​ដទៃ​ទៀត​រួមមាន​លី​យ៉ុង​ ទីក្រុង​ណង់​ស៍និង​រ៉េន​(Rennes)​។​

​អ្នកនាំពាក្យ​ប៉ូលីស​ក្រុងប៉ារីស​ម្នាក់​បាន​និយាយថា «​ពួក​ជន​ប្រឆាំង​ជ្រុល​»​បាន​ជ្រៀត​ចូលក្នុង​ហ្វូងមនុស្ស និង​បាន​ចោទប្រកាន់​ពួកគេ​ថា​វាយប្រហារ​លើ​ប៉ូលីស​«​តាម​ដែល​អាចធ្វើ​បាន​។​ការតវ៉ា​ប្រឆាំង​ត្រូវបាន​គ្រប់គ្រង​ដោយ​ប៉ូលីស​យ៉ាងច្រើន ហើយ​គ្រប់យ៉ាង​ត្រូវបាន​ធ្វើឡើង​ដើម្បី​ស្តារ​ច្បាប់​និង​សណ្តាប់ធ្នាប់​»​។​

​សូមបញ្ជាក់​ថា ប្រជាជន​បារាំង​រាប់លាន​នាក់​ខឹង​នឹង​ការប៉ុនប៉ង​របស់​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ដើម្បី​បង្ក​ើន​អាយុ​ចូល​និវត្តន៍​ពី​៦២​ទៅ​៦៤ឆ្នាំ ដើម្បី​អោយបារាំង​ស្រប​តាម​ស្តង់ដា​អាយុ​ចូល​និវត្តន៍​ដូច​ប្រទេស​​ជាច្រើននៅ​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេសកន្លែង​ដែល​អាយុ​ចូល​និវត្តន៍​សំរាប់​បុគ្គលិក​រដ្ឋ​ត្រូវកំណត់៦៦​ឆ្នាំ​។​

​ជា​លទ្ធផល លោក​ម៉ា​ក្រុង​បាននិងកំពុង​ជួប​ការតវ៉ា​ប្រឆាំង​ធំ​បំផុត​ពី​ក្រុម​សហជីព​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៧​។​

​ថ្ងៃ​អង្គារ​ទី​៧​មីនា ជា​ថ្ងៃ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​លើក​ទី​ប្រាំមួយ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មករា​មក និង​អាច​ទាក់ទាញ​អ្នក​ចូល​រួម​ច្រើនជាង​ពេល​ណា​ទាំងអស់ ក្រោយ​មនុ​ស្ស​ជា​ង​១,២៧​លាន​នាក់​បាន​ចូលរួម​ការជួបជុំ​តវ៉ា​កាលពី​ថ្ងៃ​៣១​មករា​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​និយាយថា ប៉ូលីស​ប្រមាណ​១១.០០០​នាក់​ត្រូវបាន​កេណ្ឌ​មកពី​ទូទាំង​ប្រទេស រួម​មាន​ប្រមាណ​៥.០០០​នាក់​នៅ​ក្រុងប៉ារីស​។​

​ពួក​សហជីព​បាន​សន្យា​រៀបចំ​ការតវ៉ា​ប្រឆាំង​ធំៗ​បំផុត ដោយ​សេវា​រថភ្លើង​ត្រូវបាន​បញ្ឈប់ ការដឹកជញ្ជូន​ប្រេងឥន្ធនៈ​ត្រូវ​រំខាន និង​សាលារៀន​បិទទ្វារ ក្នុង​ការឆ្លើយតប​នឹង​ផែនការ​របស់រដ្ឋាភិបាល​ដើម្បី​ដំឡើង​អាយុ​ចូល​និវត្តន៍​។​កូដកម្ម​នាំអោយ​សេវា​សាធារណៈ​និង​ក្រុមហ៊ុន​ជាច្រើន​ជាច្រើន​បិទទ្វារ​កាលពី​ថ្ងៃ​អង្គារ រួម​មាន​ការ​អាជីវកម្ម​ចំរាញ់​ប្រេង​៕