ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទាហាន​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​បាន​សម្លាប់​ជនជាតិ​ប៉ាឡេ​ស្ទីន​ប្រាំមួយនា​ក់​នៅក្នុង​ទីក្រុង​ជេ​នី​ន (Jenin) រួមទាំង​ជន​សកម្មប្រយុទ្ធ​ម្នាក់​ដែល​គេ​ចោទ​ថា​បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់ ដែល​នេះ​ជាការ​វាយឆ្មក់​ចុងក្រោយ​បំផុត​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​កាន់កាប់ វេស​ប៊ែង​។​

​ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន​បាន​និយាយថា បុរស​ប្រាំមួយ​នាក់​ត្រូវបាន​សម្លាប់ ម្នាក់​មាន​អាយុ ៤៩ ឆ្នាំ និង​អ្នក​ដទៃ​ទៀត​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ នៅក្នុង​ការប៉ះទង្គិច ដែល​កងទ័ព​និយាយថា រួម​មាន​ទាហាន​បាញ់​គ្រាប់បេចំ​ពេល​មាន​ការ​បាញ់កាំភ្លើង​យ៉ាង​សាហាវ​។​

​លោក ណា​ប៊ីល អា​ប៊ូ រូ​ដេ​ណេ (Nabil Abu Rudeineh) អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន ម៉ា​មូត អាប់​បាស (Mahmud Abbas) បាន​ហៅ​ការប្រើប្រាស់​គ្រាប់បេនៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៃក្រុង​ជេនី​ន ដែល​ជា​ឈុត​ឆាក​នៃ​ការ​ប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​នៅ​ភាគ​ខាងជើង​តំបន់​វេស​ប៊ែង ថា​ជា​សកម្មភាព​នៃ “​សង្គ្រាម​ពេញទំហឹង​” នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ប៉ាឡេ​ស្ទីន Wafa រាយការណ៍​។

​សាក្សី​បាន​និយាយថា ទាហាន​អ៊ីស្រាអែល​បាន​ចូល​ទៅក្នុង​ជំរំ ហើយ​ឡោមព័ទ្ធ​ផ្ទះមួយ ខណៈ​ក្រុម​សកម្មប្រយុទ្ធ​បាន​វាយបក​វិញ ដោយ​កងទ័ព​រាយការណ៍​ថា “​ឧបករណ៍​បំផ្ទុះ​និង​ប្លុក​អគារ​” បាន​ប៉ើង​មកលើ​ទាហាន​របស់​ពួកគេ​។​

​អ្នក​ថតរូប​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ម្នាក់​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​អគារ​។​

​កងពល​តូច​ជេនី​ន ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ជំរំ បាន​និយាយ​នៅលើ​បណ្តាញ Telegram មួយ​របស់​ពួកគេ​ថា ខ្មាន់កាំភ្លើង​របស់​ពួកគេ​បាន​ប្រយុទ្ធ​ក្នុង “​ការប៉ះទង្គិច​ដ៏​ហិង្សា​” ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​លោក អាប់ឌែល ហ្វាតា ហ៊ូ​ស​សេន គ្រូ​សា (Abdel Fatah Hussein Khroushah) អាយុ​៤៩​ឆ្នាំ ដែល​កងទ័ព​អ៊ីស្រាអែល​ហៅថា​ជា “​ប្រតិបត្តិ​ករ​ភេរ​វករ​” ពី​ចលនា​អ៊ីស្លាម​ហា​ម៉ាស និង​បាន​ចោទប្រកាន់ថា​បាន​សម្លាប់​អ្នក​តាំង​លំនៅ​អ៊ីស្រាអែល​ពីរ​នាក់​នៅក្នុង​ក្រុង​ហ៊ូ​វ៉ា​រ៉ា (Huwara) របស់​ប៉ាឡេ​ស្ទីន កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ​។​

​ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន​បាន​និយាយថា ជនជាតិ​ប៉ាឡេ​ស្ទីន​ចំនួន ២៦ នាក់​បាន​រងរបួស​ក្នុងអំឡុង​ការ​វាយឆ្មក់​កាលពី​ថ្ងៃ​អង្គារ ដែល​ក្នុងនោះ​មាន​បី​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​។ កងទ័ព​បាន​និយាយថា ទាហាន​ពីរ​នាក់​បាន​រងរបួស​ស្រាល​៕

យានជំនិះ​របស់​កងទ័ព​អ៊ីស្រាអែល​ធ្វើដំណើរ​តាម​ដងផ្លូវ​អំឡុងពេល​ការ​វាយឆ្មក់​នៅក្នុង​ជំរំ​នៃ​ក្រុង​ជេនី​ន​សម្រាប់​ជនភៀសខ្លួន​ប៉ាឡេ​ស្ទីន នៅ​តំបន់​កាន់កាប់​វេស​ប៊ែង