​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​មន្ទីរ​បញ្ច​កោណ​លោក ឡយ អូ​ស្ទីន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​ថា លោក​សង្ឃឹមថា​នឹង “​ពង្រឹង​និង​ពង្រីក​” ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ាក់​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​បា​កដាដ នៅមុន​ខួប​លើក​ទី​២០​នៃ​ការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ដែល​បាន​ផ្តួល​រំលំ សា​ដាម ហ៊ូ​សេន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អូ​ស្ទី​នក៏បាន​ប្រាប់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ លោក ម៉ូ​ហា​ម៉េត សៀ អាល់​ស៊ូ​ដា​នី (Mohammed Shia al-Sudani) ផងដែរ​ថា​ទាហាន​អាម៉េរិក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ត​នៅក្នុង​ប្រទេស​នេះ​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ក្រុង​បាក​ដាដ ។​

​ដំណើរ​ទស្សនកិច្ច​មិន​បាន​ប្រកាស​ជា​សាធារណៈ​ជា​មុន​នេះ​បាន​កើតឡើង​នៅមុន​ខួប​ថ្ងៃទី​២០​មីនា​នៃ​ការ​លុកលុយ​តាម​ជើងគោក ដែល​បានចាប់ផ្តើម​ការបង្ហូរ​ឈាម​រយៈពេល​ពី​រទស​វត្សរ៍ ដែល​ឥឡូវនេះ​អ៊ីរ៉ាក់​ទើបតែ​ចាប់ផ្តើម​រក​ច្រកចេញ​។​

​លោក​អូ​ស្ទីន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បា​កដាដ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក​ស៊ូ​ដា​នី​និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ថា​បេត អាល់​អាប់​បា​ស៊ី (Thabet al-Abbasi) ថា “​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​នៃ​ភាព​ជា​ដៃគូ​របស់​យើង​”​។​

“​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​ក្នុង​ការគាំទ្រ​សន្តិសុខ ស្ថិរភាព​និង​អធិបតេយ្យភាព​អ៊ីរ៉ាក់​”​។​

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​ប្រាប់​លោក​អូ​ស្ទីន​ថា​គាត់​ក៏ចង់ “​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​” ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែរ ហើយ​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​បា​កដាដ​ក្នុង “​ការរក្សា​ទំនាក់ទំនង​ប្រកបដោយ​តុល្យភាព​ជាមួយ​មហាអំណាច​ក្នុង​តំបន់​និង​អន្តរជាតិ​”​។​

​ចាប់តាំងពី​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​បណ្តេញ​រប​ប​ដែល​គ្របដណ្តប់​ដោយ​និកាយ​ស៊ុន​នី​អារ៉ាប់​របស់​លោក​សា​ដាម​ក្នុង​ឆ្នាំ ២០០៣ មក និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន​របស់​អ៊ីរ៉ាក់​បាន​ដឹកនាំ​ប្រទេស​អ៊ីរ៉ាក់​ក្រោម​ប្រព័ន្ធ​ចែករំលែក​អំណាច​តាមរយៈ​ការបោះឆ្នោត​៕

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទីន