ដោយ: បូកគោ / កំពត: ខណ:ដែលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ នឹងចាប់ផ្តើមនៅតែ ៥៨ ថ្ងៃ ហើយខេត្តកំពត ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ការការប្រកួតកីឡាទូកកានូនោះ គ្រប់យ៉ាង បានត្រៀមរួចរាល់សម្រាប់ការងារ ដ៏សំខាន់នេះ។ ដោយផ្តោតលើការកែលម្អសោភ័ណភាពក្រុង គម្រោងស្ថាបនាសួនច្បារ ឆ្នេរព្រែកកំពង់បាយ ចាប់ពីស្ពានឥន្ទធនូ ដល់មណ្ឌលកីឡាលើទឹក ដែលជាទីតាំងរៀបចំ ការប្រកួតសម្រេចបាន ៩៥ ភាគរយហើយ។
លោក ង៉ាំ ប៊ុនតេង មេការកែលម្អសោភ័ណភាពសួនច្បារ បានប្រាប់ឱ្យដឹងថាៈ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោក អភិបាលខេត្តកំពត ដែលបានកំណត់ និងពន្លឿនការកែលម្អសោភ័ណភាព សួនច្បារឆ្នេរព្រែក ឱ្យហើយ មុនចូលឆ្នាំថ្មី ក្រុមការងាររបស់លោក បានខិតខំសម្រុកធ្វើគ្មានថ្ងៃឈប់សម្រាកឡើយ។ គិតត្រឹមថ្ងៃនេះ គម្រោងកែលម្អសួនច្បារ ដែលក្រុមការងាររបស់លោកមានគ្នាចំនួន ៩៥ នាក់នោះ សម្រេចបាន ៩៥ ភាគរយហើយ។
ជាមួយសមិទ្ធផល និងលទ្ធផល ដែលបានឃើញជាក់ស្តែង ប្រជាពលរដ្ឋក្រុងកំពត បានរៀបរាប់ថាៈ ពួកគាត់ពិតជារីករាយណាស់ ដែលលោក ម៉ៅ ធនិន បានយកចិត្តទុក ដាក់ ក្នុងការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែទាក់ទាញ សម្រាប់ភ្ញៀវទេសចរ។ ខេត្តកំពត បច្ចុប្បន្ន សម្បូរផ្លូវល្អ ឆ្នេរខ្សាច់ច្រើនកន្លែង ពិសេសសួនច្បារឆ្នេរព្រែក ដែលជាទីតាំង សំខាន់ មានការរៀបចំកែលម្អបានលឿន ស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍៕/V