ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កា​ពី​ទែន​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដែល​មកពី​ក្លិប​​វិសាខា ប្រកាស​ពី​ការចូលនិវត្តន៍ ក្រោយ​បញ្ចប់​បេសកកម្ម នា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​កីឡាករ សួន ចាន់ណា​រ៉ូ ដែលជា​កីឡាករ​ឆ្នើម មួយរូប​របស់​កម្ពុជា ពិតជា​សម្រេចចិត្ត​​ច្បាស់​ហើយ ទោះបី​ពេលនេះ វ័យ​ហាក់​មិនទាន់​ជា​ចាស់​ខ្លាំង ក៏ដោយ ហើយ​ដើមចម នៃ​ការប្រកាស​ចូលនិវត្តន៍ ទាំង​វ័យក្មេង​បែបនេះ គឺ​ដោយសារតែ​រូបគេ ចង់​ផ្ដល់​ពេល វេលា ជាមួយ​គ្រួសារ ឱ្យបាន​ច្រើន​បន្តិច និង​មាន​ការងារ​ជាច្រើន​ទៀត ព្រោះ​រូបគេ ជា​មន្ត្រីរាជការ ដែលមាន​ការងារ​ច្រើន ត្រូវបំពេញ​។​

​សួន ចាន់ណា​រ៉ូ មាន​វ័យ ២៩ ឆ្នាំ និង​មាន​កំពស់ ១,៩៣ ម៉ែត្រ បាន​និយាយថាៈ គេ​មិន ត្រឹមតែ​ចូលនិវត្តន៍​នោះទេ តែ​គេ​ក៏​ចែកផ្លូវ​គ្នា ជាមួយ​ក្លិប​វិសាខា​ដែរ​។ គេ​និយាយថា រូបគេ ពិតជា​ចង់​ផ្ដល់ឱកាស​ឱ្យ​ក្មេងៗ ស្រករ​ក្រោយ បានបង្ហាញ​សមត្ថភាព ត្រូវ​ទៅ​បម្រើ ការងារ នៅ​អង្គភាព និង​ចង់​ផ្ដល់​ពេលវេលា​ខ្លះ ជាមួយ​គ្រួសារ ព្រោះ​គេ បាន​ចំណាយ ពេលវេលា​ច្រើន ជាមួយ​បាល់ទះ​នេះ អស់​ជាង ១០ ឆ្នាំ​ហើយ​ដែរ​។ ណាមួយ​ទៀត គេ​ក៏​ហាក់​ថមថយ​កម្លាំង មិន​នៅ​ខ្លាំង និង​រហ័សរហួន ដូច​មុន​ទេ ហេតុនេះហើយ ទើប​គេ​សម្រេចចិត្ត​ប្រកាសថា ចូលនិវត្តន៍ ក្រោយ​ចប់​ស៊ី​ហ្គេម នេះ​តែម្ដងទៅ​។​

​កីឡាករ​រូបនេះ ត្រូវបាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​ដៃ​ប៉ាស់​សេ លេខ​១ នៅ​កម្ពុជា សួន ចាន់ណា​រ៉ូ បានរួម​ដំណើរ​ជាមួយ​ក្រុម​វិសាខា ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​កម្រិត «​ក​» នៅ​ប្រទេស​ថៃ ម្តងទៀត ក្នុង​ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ នៅ​ឆ្នាំ​២០១៨ ដដែល​នោះ ក្រុម​វិសាខា បានឈ្នះ​មេដាយមាស កីឡា​ជាតិ​លើក​ទី​២ ម្ដងទៀត​។ ចំណែក​ឆ្នាំ​២០២២ ចាន់ណា​រ៉ូ ក៏បាន​ជួយ​វិសាខា ឱ្យ​ឈ្នះ​ជើងឯក ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ឆ្នាំ​២០២៣ បាន​ត្រឹម​លេខ​២ ក្នុង​រង្វាន់​នេះ​ដដែល ដោយ​ចាញ់​ក្រសួងមហាផ្ទៃ ទទួលបាន​ត្រឹម​មេដាយប្រាក់​។​

​ណា​រ៉ូ បាន​ចូលប្រឡូក​អាជីព​កីឡាបាល់ទះ នៅ​ឆ្នាំ​២០១២ ដោយ​ចូល​ដំបូង លេង​ឱ្យ​ក្លិប បាល់ទះ កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រោយមក ក៏បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង ហើយ​ក្លិប​នេះ ក៏បាន​ប្ដូរ​ឈ្មោះ មកជា​ក្លិប​វិសាខា ដល់​បច្ចុប្បន្ន​។​

​អ្នក​លើក​បាល់​របស់​ក​ម្ពុ​ជា​រូបនេះ បាន​ជាប់​ជម្រើសជាតិ នៅ​ឆ្នាំ​២០១៥ និង​បាន​ចេញទៅ ប្រកួត​ស៊ី​ហ្គេម នៅក្រៅ​ប្រទេស សរុប​បាន​ចំនួន ៣ លើក គឺ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេម ឆ្នាំ​២០២២ នៅ​វៀតណាម​។​

​ក្នុងចំណោម​ការចូលរួម​ប្រកួត​ស៊ី​ហ្គេម ទាំង ៣ លើក​នេះ សួន ចាន់ណា​រ៉ូ បានក្លាយ​ជា​តួ​អង្គ​មួយរូប យ៉ាងសំខាន់ ដែល​បាន​ឱ្យជួយ​ក្រុម​ជម្រើសជាតិ ដណ្តើមបាន​មេដាយ​សំរឹទ្ធ ជា​ប្រវត្តិសាស្ត្រ លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម កាលេ​ពី​ខែឧសភា ឆ្នាំ​២០២២​។​

​ចំពោះ​សមិទ្ធផល​លេង​ឱ្យ​ក្លិប​វិញ ណា​រ៉ូ បាន​ជួយ​ឱ្យ​ក្រុម​វិសាខា ឈ្នះ​ជើងឯក​ជាច្រើន​ ដូចជា ឆ្នាំ​២០១៦ ឈ្នះ​មេដាយមាស កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៧ បាន​មេដាយមាស លី​គ​ស្រា​បៀរ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៧ ដដែល​នោះ ក៏​ឈ្នះ​បាន​មេដាយមាស ម្ដងទៀត ក្នុង​ពានរង្វាន់​ស្រា​បៀរ LEO ។ នៅ​ឆ្នាំ​២០១៧ នោះដែរ វិសាខា បាន​ទៅលេង ពានរង្វាន់​កម្រិត ( ខ ) នៅ​ថៃ ដោយ​យ​ទទួលបាន​មេដាយមាស ទៀតផង​៕/V​