មន្ត្រីជាន់ខ្ពស់ជប៉ុន៖ «កម្ពុជា បង្ហាញពីគំរូដ៏ល្អ នៅក្នុងវិស័យសន្តិភាព និងសន្តិសុខ អន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព»
ោយៈ មុនីរ័ត្ន / ភ្នំពេញ : «កម្ពុជា បង្ហាញពីគំរូដ៏ល្អ នៅក្នុងវិស័យសន្តិភាព និងសន្តិសុខ អន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព» នេះគឺជាការកោតសរសើរ របស់លោក កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហ ប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសដែលលោក បានចូលជួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបាន តម្លើងដល់កម្រិត “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពជាដៃគូ ក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកំចាត់ មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ។
លោក ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ ជាមួយសេចក្តីអំណរគុណ ចំពោះការរួម ចំណែកដ៏សំខាន់របស់ កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជា ការគាំទ្ររបស់ជប៉ុន ជាបន្តបន្ទាប់ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ គ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
លោកអគ្គនាយក បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហ ប្រជាជាតិ” នៅឆ្នាំ ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្ម រក្សាសន្តិភាព។
ភាគីទាំងពីរ បានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហការបន្ថែម ទៀត នៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់គ្រឿងបរិក្ខារ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួន ផងដែរ។
លោកអគ្គនាយក បានសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងតួនាទីដ៏លំបាករបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន និងបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែង ដ៏ធំធេងរបស់កម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ ដោយប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ៕/V