ដោយៈ វ៉ៃកូ / ស្វាយរៀង: គ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើងកក្រើកដី ខណ:ជនបង្ក ជាទាហានចូលនិវត្តន៍ បានផឹកស្រាស្រវឹងហើយមានទំនាស់ព្រំប្រទល់របង ជាមួយជនរងគ្រោះ ដែលជាអ្នកជិតខាង។

សមត្ថកិច្ច បានឲ្យដឹងថា: កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ ៦៩ ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្ន មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ១នាក់ ប្រុស និងរបួសស្រាល នាក់ ស្រី ៤នាក់ (ក្មេង ២នាក់) រួមមាន ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ ៦៥ឆ្នាំ (របួសធ្ងន់),  ឈ្មោះ ហ៊ីង សារ៉ាន់ ភេទស្រី អាយុ ៥៨ ឆ្នាំ (របួសស្រាល), ឈ្មោះ ជេត សុភ័ក្រ ភេទស្រី អាយុ ៣៤ ឆ្នាំ(របួសស្រាល), ឈ្មោះ ប៉ែន ស៊ីថា ភេទស្រី អាយុ ៥៦ ឆ្នាំ (របួសស្រាល), ឈ្មោះ ព័ណ អ៊ីម៉ី ភេទស្រី អាយុ ឆ្នាំ(របួសស្រាល), ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ឆ្នាំ (របួសស្រាល)

ប្រភពដដែល បានបន្តថា: ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រីឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបានភ្លាមៗ និងកំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។

ប្រភព បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបោកគ្រាប់បែកនេះ មកពីជន សង្ស័យ ផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ៕/V-PC