ដោយ:បូកគោ/កំពត: ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថាកុមារដែលចូលចិត្តលេងកីឡានឹងទទួលបាននូវអត្ថប្រយោជន៍ច្រើន ពិសេសជួយពួកគេឱ្យមានអនាគតកាន់តែល្អប្រសើរ។ កីឡានាំមកនូវសុខភាព បញ្ញាស្មារតី សាមគ្គីភាព និងទំនាក់ទំនងល្អ ហើយចៀសផុតពីការប្រព្រឹត្តអំពើអបាយមុខទៀតផង។

កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាបានប្រារព្ធពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា២០២២-២៣ នៅពហុកីឡដ្ឋានខេត្តកំពត។
ថ្លែងក្នុងពិធីខាងលើ លោក អុឹង ឆាយ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិស័យអប់រំកាយ និងកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការប្រកួតកីឡាថ្ងៃនេះជាឱកាសដ៏ល្អសម្រាប់កុមារា កុមារីជាកីឡាករដែលបានទទួលការបណ្តុះបណ្តាលសីលធម៌ វិន័យ និងការរួមសាមគ្គីជាក្រុមដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ លោកអភិបាលរងខេត្តបានបន្តថា ការលេងកីឡានឹងជួយធ្វើឱ្យអនាគតកុមារកាន់តែល្អប្រសើរ។ កីឡានាំមកនូវសុខភាព បញ្ញាស្មារតី និងទំនាក់ទំនងល្អ ហើយចៀសផុតពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានរាយការណ៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា២០២២-២៣ មានកីឡាករមកពី៩ក្រុងស្រុកចូលរួម។ វិញ្ញាសាដែលបានប្រកួត រួមានរត់ល្បឿន៦០ម៉ែត្រ, លោតចម្ងាយ, លោតកម្ពស់, រត់បណ្តាក់, រត់ចម្ងាយ១.០០០ម៉ែត្រ អត្តពលកម្មក្រុម, បាល់បោះ, បាល់ទះ និងបាល់ទាត់ដែលមានកីឡាករចូលរួម៦៧២នាក់ និងគ្រូបង្វឹក ១៥០នាក់។ វិស័យកីឡាបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតកុមារទាំងនៅទីប្រជុំជន និងតាមតំបន់ជនបទដាច់ស្រយាល៕សរន / N