​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា ក្រុមហ៊ុន Apple បាន​ណែនាំ​កំណែ​ពណ៌​លឿង​នៃ iPhone 14 និង iPhone 14 Plus របស់ខ្លួន ដើម្បី​ជំរុញ​ការលក់ ដែល​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៩​។​

​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ជាង ៦០ ប្រទេស រួម​ទាំង​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស អាច​បញ្ជា​ទិញ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​នេះ​ចាប់ពី​ថ្ងៃទី ១០ ខែ​មីនា​។​

​ទូរស័ព្ទ​ទាំង​ពីរ​នឹង​បំពាក់​នូវ​បច្ចេកវិជ្ជា​និង​តម្លៃ​ដូច​គ្នា​ទៅ​នឹង​ស៊េរី​ដើម ដែល​បាន​ចេញ​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២២ គឺ​ចាប់ផ្តើម​ពី ៧៩៩ ដុល្លារ និង ៨៩៩ ដុល្លារ​។​

Apple ធ្លាប់​បាន​ប្រើ​ពណ៌​លឿង​ស្រដៀង​គ្នា​នៅក្នុង​ម៉ូ​ដែល​មុនៗ គឺ iPhone 5c និង iPhone 11 ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ឃើញ​ពណ៌​នេះ​នៅ​លើ​ឧបករណ៍​ទំនើប​។​

​ទោះយ៉ាងណា ចំណាត់ការ​នេះ​គឺ​ជា​អាវុធ​សម្ងាត់​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​ក្នុង​ការជំរុញ​ការលក់ iPhone ដែល​បាន​ធ្លាក់ចុះ ៨ ភាគរយ​កាលពី​ឆ្នាំមុន​។​

​លោក បប់ បូ​ឆឺ (Bob Borchers) ជា​អនុប្រធាន​ផ្នែក​ទីផ្សារ​ផលិតផល​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Apple បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មនុស្ស​ស្រឡាញ់ iPhone របស់​ពួកគេ ហើយ​ពឹងផ្អែក​លើ​វា​ជា​រៀង​រាល់ថ្ងៃ​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​ធ្វើ ហើយ​ឥឡូវនេះ​មាន​ការបន្ថែម​ដ៏​គួរ​ឱ្យ​រំភើប​ចំពោះ​ត្រកូល iPhone 14 និង iPhone 14 Plus ពណ៌​លឿង​ថ្មី​”​។​

“​អាយុកាល​ថ្ម​ដ៏​អស្ចារ្យ ការ​រចនា​ទម្ងន់​ស្រាល មុខងារ​កាមេរ៉ា​កម្រិត​ខ្ពស់​និង​វីដេអូ សមត្ថភាព​សុវត្ថិភាព​ដ៏​ពេញនិយម​ដូចជា Emergency SOS តាមរយៈ​ផ្កាយរណប និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 16 ទាំងអស់​នេះ​ត្រូវ​ផ្តល់ជូន​ដើម្បី​ធ្វើឱ្យ iPhone 14 ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ស្វែងរក iPhone ថ្មី​ក្នុង​ទីផ្សារ​”​។​

​ការលក់​របស់ Apple បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ចុងឆ្នាំ ២០២២ ខណៈ​តម្លៃ​នៃ​ការរស់នៅ​កើនឡើង​បាន​បង្ខំ​ឱ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​រវាង​ការបង់​ទឹក​ភ្លើង ឬ ទិញ iPhone ជំនាន់​ចុងក្រោយ​៕

iPhone 14 និង iPhone 14 Plus ពណ៌​លឿង​ថ្មី លក់​ក្នុងតម្លៃ​ចាប់ផ្តើម​ពី ៧៩៩ ដុល្លារ និង ៨៩៩ ដុល្លារ