ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ នៅចំថ្ងៃសិទ្ធិនារី៨មីនា ស្រ្តីមួយរូបត្រូវបាត់កូនកម្លោះ និងសាច់ញាតិម្នាក់ជារៀងរហូត ពេលពួកគេជិះគោយន្តយកលុយថ្លៃទឹកដោះឬថ្លៃបណ្ណាការទៅអោយខាងស្រីក៏ជួបគ្រោះថ្នាក់ក្រឡាប់សង្កត់កាលពីវេលាម៉ោង០៣និង៤០នាទីទៀប ស្ថិតលើកកំណាត់ផ្លូវលេខខេត្ត២៥៦៣ ថ្មពួក–បឹងត្រកួនខាងកើតវត្តគោករមៀតស្ថិតនៅភូមិគោករមៀតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតនិងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកថ្មពួក បានឲ្យដឹងថាមុនពេលកើតហេតុឈ្មោះ ឡាត់ សុខា ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានជីវភាពខ្សត់ខ្សោយដែរនិងចង់រួមដំណើរអោយបានគ្នាច្រើនផង ក៏បានបើកបរគោយន្ដកន្ត្រៃយកលុយថ្លៃទឹកដោះទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីរៀបចំមង្គលការនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ ប៉ុន្តែពេលបើកបរដល់ចំណុចកើតហេតុខាងលើគោយន្តកន្ត្រៃបានជាប់ចង្កូត ហើយក៍រេក្បាលគោយន្តកន្ត្រៃធ្លាក់ប្រឡាយស្នាមភ្លោះនិងអូរជ្រៅជាប់ផ្លូវខាងឆ្វេងក៏ក្រឡាប់ ។
នៅក្នុងហេតុការណ៍នោះ ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនកម្លោះ រូមនឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ព្រឿន មឹកភេទស្រី អាយុ៣៣ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ។ ក្រៅពីនោះ ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ឈ្មោះអិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ រ របួសបាក់ដៃ, ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ កូនក្រមុំរស់នៅភូមិ គោកត្រាច ឃុំគោកស្នួល ស្រុក ក្រឡាញ់ខេត្តសៀមរាប របួសបាក់ដៃឆ្វេង , ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ជើងខាងស្ដាំ ចំណែកអ្នកបើកបរពុំមានរងរបួសទេ។
កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានសហការកម្លាំងជំនាញចរាចេណ៍ស្រុកថ្មពួក អាជ្ញាធរដែនដីនិងពលរដ្ឋបានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ចំណែក អ្នកស្លាប់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕/PC