​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រធាន​អង្គភាព​របស់​អង្គការសហប្រជាជាតិ ដែល​ឧទ្ទិស​ដល់​សមភាព​យេនឌ័រ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​ថា ឋានៈ​របស់​ស្ត្រី​គឺ “​ស្ថិតក្រោម​ការឡោមព័ទ្ធ​” ពោល​ជាង​២០​ឆ្នាំ​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បានអនុម័ត​សេចក្តីសម្រេចចិត្ត​ដ៏​សំខាន់​មួយ​ស្តីពី​ស្ត្រី សន្តិភាព​និង​សន្តិសុខ​។​

​ថ្លែង​ទៅ​កាន់​វេទិកា​ជជែក​ដេញដោល​កម្រិត​ខ្ពស់​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ នាយក​ប្រតិបត្តិ​ស្ត្រី​នៃ​អ​.​ស​.​ប លោកស្រី ស៊ី​ម៉ា បា​ហោ​ស (Sima Bahous) បាន​លើកឡើង​នូវ​ឧទាហរណ៍​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោ​យ​ជម្លោះ​ផ្សេងទៀត កន្លែង​ដែល​ឋានៈ​របស់​ស្ត្រី​កំពុង​ត្រូវបាន​គំរាមកំហែង​។​

​ការជជែក​ដេញដោល​នេះ​គឺ​ផ្តោត​លើ​ប្រធានបទ “​ឆ្ពោះទៅ​រក​ខួប​លើក​ទី ២៥ នៃ​សេចក្តីសម្រេច​ចិត្ត​លេខ ១៣២៥”​។ សេចក្តីសម្រេចចិត្ត​នេះ​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​ក្នុង​ខែតុលា ឆ្នាំ ២០០០ ដោយ​ទទួលស្គាល់ថា ស្ត្រី​មាន​សិទ្ធិ​ចូលរួម​ពេញលេញ ស្មើភាព និង​មាន​អត្ថន័យ​នៅក្នុង​ដំណើរការ​សន្តិភាព ការដោះស្រាយ​ជម្លោះ និង​ការកសាង​សន្តិភាព​។​

​កំណត់ចំណាំ​គោល​គំនិត​ស្តីពី​ការជជែក​ដេញដោល​បើក​ចំហ​ដែល​រៀបចំ​ដោយ​ប្រទេស​ម៉ូ​សំ​ប៊ិក ដែល​ឥឡូវនេះ​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ បានចង្អុលបង្ហាញ​ការពិត​ដែលថា “​រហូតមក​ដល់​សព្វថ្ងៃ​នេះ​ស្ត្រី​នៅ​តែ​បន្ត​ជា​ផ្នែក​នៃ​សង្គម​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ជុំវិញ​ពិភពលោក​”​។​

​កំណត់ចំណាំ​នោះ​និយាយថា សិទ្ធិ​ស្ត្រី​បន្ត​ត្រូវ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពួកគេ​បន្ត​បាត់បង់​ឱកាស​និង​មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ការសម្រេចចិត្ត​ក្នុង​បញ្ហា​សន្តិភាព និង​សន្តិសុខ​។​

​លោកស្រី​បា​ហោ​សបាន​ប្រាប់​កិច្ចពិភាក្សា​ដេញដោល​របស់​ក្រុមប្រឹក្សាសន្តិសុខ​ថា “​វា​ច្បាស់​ណាស់​ថា​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ទិសដៅ​ទាំងស្រុង​”​។​

​លោកស្រី​បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ជា​ចាំបាច់​របស់​ស្ត្រី​នៅក្នុង​រាល់​ការប្រជុំ​និង​ដំណើរការ​ធ្វើ​សេចក្តីសម្រេចចិត្ត “​ដែល​យើង​មាន​សិទ្ធិ​អំណាច​”​។​

​លោកស្រី​បា​ហោ​ស​បាន​បន្ថែមថា “​យើង​ត្រូវ​ពង្រីក​លទ្ធភាព​របស់​យើង​ដើម្បី​ទទួលបាន​ធនធាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ​វា​ច្រើន​បំផុត​និង​មិន​មាន​វា​”៕

​នាយក​ប្រតិបត្តិ​ស្ត្រី​នៃ​អ​.​ស​.​ប លោកស្រី ស៊ី​ម៉ា បា​ហោ​ស