ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ផាក ជងវូ ( PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងអង្គជំនួបពិភាក្សានេះលោកស្រីរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកស្រីរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយលោកមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់លោក ៕/PC