ដោយ:សុខុម/ស្ទឹងត្រែង:លោក ឆោម ញឹម វ័យ៦៦រឆ្នាំរស់នៅឃុំកោះស្នែងគឺជាអ្នកបើកទូកដឹកភ្ញៀវដើរកម្សាន្តតាមតំបន់ទេសចរណ៍នានានៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហានដើម្បីរកប្រាក់ចំណូលបន្ថែមដល់ក្រុមគ្រួសារ។
ជារៀងរាល់ថ្ងៃបុរសវ័យចំណាស់ខាងលើនេះមិនទៅណាឆ្ងាយបានទេពោលគឺគាត់នៅចាំដឹកភ្ញៀវ ហើយ ពេលមានភ្ញៀវមកកម្សាន្តនៅក្នុងសហគមន៍លោកនឹងទៅទទួលភ្ញៀវនៅកំពង់ចម្លងជាមួយអ្នកបើកទូកដែលមានវ័យក្មេងជាងគាត់ច្រើនអ្នកទៀត។
លោកឆោមញឹមបានរៀបរាប់ថាពេលជូនភ្ញៀវទៅតាមតំបន់ទេសចរណ៍សំខាន់ៗពិសេសក្នុងរមណីយដ្ឋានកោះហានលោកបានប្រាប់ពីកន្លែងចាប់អារម្មណ៍ទេសភាពស្រស់ស្អាតនិងកន្លែងបោះតង់ជាដើម។
លោកក៏ពូកែនិយាយកំផ្លុកកំផ្លែងលេងសើចជាមួយភ្ញៀវក្មេងៗយុវជនសើចសប្បាយរីករាយផងដែរ។
មុខរបរមួយនេះធ្វើឲ្យលោកពេញចិត្តនិងតួនាទីបម្រើការងារក្នុងសហគមន៍ផង និង ទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផង។
លោកបានឲ្យដឹងថាដំណើរឆ្លងកាត់តាមផ្លូវទឹករាក់ទឹកជ្រៅតាមដងទន្លេមេគង្គមិនងាយស្រួលដូចធ្វើដំណើរតាមផ្លូវគោកនោះទេគឺទាមទារឱ្យមានអ្នកស្គាល់ភូមិសាស្ត្រច្បាស់ ជាពិសេសចំណាំផ្លូវទឹកនៅកន្លែងតំបន់មានថ្ម។
លោក ឆោម ញឹមបានរៀបរាប់ថាលោកអាចរកប្រាក់បានគឺពឹងអាស្រ័យលើភ្ទៀវដែរ។
អ្នកបើកទូកបាននិយាយបន្តថាអ្នកបើកទូកគេត្រួតពិនិត្យយ៉ាងល្អិតល្អន់មុនចេញដំណើររួចជាស្រេចជាពិសេសដាក់ប្រេងនៅតាមទូកឲ្យបានគ្រប់គ្រាន់។ដាក់អាវពោងការពារសុវត្ថិភាពជូនភ្ញៀវគ្រប់ចំនួនដែលបានកំណត់ទៅតាមចំណុះទូក។
បើសិនជាគ្មានភ្ញៀវគាត់ក៏មិនអាចរកបានប្រាក់ចំណូលបានដែរ។លោកសូមសំណូមពរភ្ញៀវមកលេងខេត្តស្ទឹងត្រែង។កុំភ្លេចទៅទស្សនាកម្សាន្តតាមដងទន្លេមេគង្គក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហានផង។លោកនឹងចាំទទួលដឹកជញ្ជូនភ្ញៀវមានសេវាកម្មល្អប្រកបដោយសុវត្ថិភាពពេលត្រឡប់មកវិញ៕ P / N