ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ នៅថ្ងៃទី ១០ ខែមីនា ដើម្បីបណ្តុះ ទម្លាប់ អាន។លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើបាឋកថាស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី២១” ក្នុងឱកាសនេះដែរ។

ទិវាជាតិអំណាន ១១ មីនា លើកទី ៨ ឆ្នាំនេះ ក្រសួងអប់រំយុវជន និង កីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា នឹងរៀបចំ ទិវា នេះចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ ខែមីនានេះ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្ម វិស័យអប់រំ»។
ប្រភពក្រសួងអប់រំបញ្ជាក់ថា ក្នុងទិវាជាតិអំណានលើកទី៨ នេះដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន នឹងធ្វើបាឋកថាស្ដីពី”រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទ នៃការអប់រំក្នុងសតវត្សទី២១” នៅថ្ងៃទី១១ខែមីនា ចាប់ពីម៉ោង ៨ ព្រឹក តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំបាននិយាយថា គោលបំណងនៃការប្រារព្ធទិវាជាតិ អំណានរួមមាន ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក កម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សនិស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕សរន / N