ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិននៅថ្ងៃពុធទី៨មីនាបាននិយាយថា ខ្លួនមាន«ការព្រួយបារម្ភជាខ្លាំង»ក្រោយលេចឮព័ត៌មានថា ប្រធានាធិបតីតៃវ៉ាន់មានផែនការឈប់សំចតដូរជើងយន្តហោះនៅទឹកដីអាម៉េរិកហើយថែមទាំងនឹងជួបប្រធានសភាអាម៉េរិកលោក ខេវិន ម៉ាខាតធី (Kevin McCarthy)ថែមទៀត។
លោកម៉ាក់ខាធី កាលពីថ្ងៃអង្គារបានបញ្ជាក់អះអាងអំពីផែនការជួបលោកស្រីសាយនៅអាម៉េរិកនាឆ្នាំនេះ
លោកម៉ាក់ខាធី មានផែនការជួបលោកស្រីប្រធានាធិបតី សាយ អ៊ីងវិន នៅអាម៉េរិកនៅប៉ុន្មានសប្តាហ៍ខាងមុខ នេះបើតាមប្រភពព័ត៌មានពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ។វាអាចជាអ្វីដែលប្រធានសភាអាម៉េរិកពេញចិត្តជាងការធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅកោះប្រជាធិបតេយ្យនេះក្រោមការប្រឆាំងតវ៉ាយ៉ាងកងរំពងពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
លោកម៉ាក់ខាធី កាលពីថ្ងៃអង្គារបានបញ្ជាក់អះអាងអំពីផែនការជួបលោកស្រីសាយនៅអាម៉េរិកនាឆ្នាំនេះ និងបានបញ្ជាក់ថាជំនួបនេះនឹងមិនរារាំងមិនអោយលោកធ្វើទស្សនកិច្ចតៃវ៉ាន់នៅពេលណាមួយនោះទេ នេះបើតាមទីភ្នាក់ងារសារព័ត៌មានប្លុមប៊ឺកបានរាយការណ៍។
ប្រធានាធិបតីតៃវ៉ាន់នានា រួមមានលោកស្រីសាយ មានប្រវត្តិធ្វើដំណើរឆ្លងកាត់អាម៉េរិកក្នុងដំណើរទៅកាន់ប្រទេសផ្សេងៗ តែរដ្ឋាភិបាលអាម៉េរិកជាទូទៅជៀសវាងការជួបជាមួយមន្ត្រីតៃវ៉ាន់ជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា «ការរៀបចំសំរាប់ដំណើរឆ្លងកាត់»ត្រូវបានធ្វើឡើងអស់ពេលជាច្រើនឆ្នាំមកហើយ។«នៅពេលបច្ចុប្បន្ន នាយកដ្ឋាននានាកំពុងទាក់ទងនិងត្រៀមសំរាប់ផែនការពាក់ព័ន្ធ …»។
ថ្លែងនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅ និញ បាននិយាយថា ចិនមានការព្រួយបារម្ភជាខ្លាំងអំពីព័ត៌មាននេះ។ ហើយ«យើងសុំធ្វើការប្រឆាំងទៅភាគីអាម៉េរិកនិងសុំអោយគេបញ្ជាក់បញ្ហានេះ»។
លោកស្រីបានបន្ថែមថា ចិនប្រឆាំងយ៉ាងមុតមាំចំពោះការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់មន្ត្រីក្នុងទំរង់ណាមួយ រវាងអាម៉េរិកនិងកោះតៃវ៉ាន់ ។«គ្មាននរណាម្នាក់អាចមើលស្រាយការតាំងចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលនិងប្រជាជនចិនបានឡើយក្នុងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីរបស់ខ្លួន»។
«ការគំរាមជាក់ស្តែងចំពោះសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺកងកម្លាំងផ្តាច់ខ្លួនដើម្បីឯករាជ្យតៃវ៉ាន់»៕