ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី៨មីនាថា ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាន ប្រទេសនេះបានក្លាយជាប្រទេសគាបសង្កត់បំផុតនៅលើពិភពលោកសម្រាប់ស្ត្រីនិងកុមារី ដែលត្រូវបានដកហូតសិទ្ធិជាមូលដ្ឋានជាច្រើនរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅទិវាសិទ្ធិនារីអន្តរជាតិ បេសកកម្មអ.ស.បបាននិយាយថា មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានបង្ហាញពី “ការផ្តោតអារម្មណ៍ស្ទើរតែមួយមុខគត់លើការដាក់ចេញច្បាប់ដែលធ្វើឱ្យស្ត្រីនិងក្មេងស្រីភាគច្រើនជាប់គាំងតែនៅក្នុងផ្ទះរបស់ពួកគេជាធរមាន”។
ស្រ្តីអាហ្វហ្គានីស្ថាន ធ្វើការតវ៉ាទាមទារដ៏កម្រនៅចំថ្ងៃសិទ្ធិនារី នៅក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃ៨មីនា ២០២៣
ថ្វីបើមានការសន្យាដំបូងអំពីជំហរល្មមៗក៏ដោយ ក៏ក្រុមតាលីបង់នៅតែដាក់ចេញវិធានការតឹងរ៉ឹង ចាប់តាំងពីការដណ្តើមអំណាចនៅខែសីហា ឆ្នាំ ២០២១ ខណៈកងកម្លាំងអាម៉េរិកនិងអង្គការណាតូស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយនៃការដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍។
ពួកគេបានហាមប្រាមការអប់រំរបស់ក្មេងស្រីមិនឱ្យលើសពីថ្នាក់ទីប្រាំមួយ និងមិនឱ្យស្ត្រីចូលកន្លែងសាធារណៈ ដូចជាសួនកម្សាន្តនិងកន្លែងហាត់ប្រាណជាដើម។ ស្ត្រីក៏ត្រូវបានហាមមិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ ហើយត្រូវបានបញ្ជាឱ្យបិទជិតដងខ្លួនពីក្បាលដល់ចុងជើង។
លោកស្រី រ៉ូហ្សា អូទុនបាយេវ៉ា (Roza Otunbayeva) តំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប និងជាប្រធានបេសកកម្មប្រចាំអាហ្វហ្គានីស្ថាន បាននិយាយថា “អាហ្វហ្គានីស្ថានស្ថិតនៅក្រោមការដឹកនាំរបស់តាលីបង់នៅតែជាប្រទេសដែលគាបសង្កត់បំផុតនៅក្នុងពិភពលោកទាក់ទងនឹងសិទ្ធិស្ត្រី”។
លោកស្រីបានបន្ថែមថា “វាជារឿងគួរឱ្យខ្លោចចិត្តណាស់ដែលបានឃើញផ្ទាល់ភ្នែកចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិធីសាស្ត្រ ចេតនា និងជាប្រព័ន្ធរបស់ពួកគេក្នុងការរុញស្ត្រីនិងក្មេងស្រីអាហ្វហ្គានីស្ថានចេញពីកន្លែងសាធារណៈ”៕
ស្ត្រីអាហ្វហ្គានីស្ថានម្នាក់កំពុងត្បាញកំរាលព្រំនៅរោងចក្រកំរាលព្រំប្រពៃណីក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣