ប្រែសម្រួល :កញ្ញាដាលីស(ដេល្លីម៉េល)៖ ស្ត្រីម្នាក់ដែលគេនិយាយថាជាមនុស្សចាស់ជាងគេលើពិភពលោកបានស្លាប់នៅអាហ្វ្រិកខាងត្បូងក្នុងអាយុ១២៨ឆ្នាំ ដោយបានរស់នៅឆ្លងកាត់បីសតវត្សរ៍ផ្សេងគ្នា។
របាយការណ៍ក្នុងស្រុកបាននិយាយថា ម្តាយកូនប្រាំពីរនាក់ ឈ្មោះ ចូហានណា ម៉ាហ្ស៊ីប៊ូកូ (Johanna Mazibuko) បានស្លាប់នៅផ្ទះរបស់គាត់ក្នុងទីក្រុងជូបឺតុន (Jouberton) ខេត្តន័រវេស (North West) កាលពីថ្ងៃទី ៣ ខែមីនា ហើយនឹងមានអាយុ ១២៩ ឆ្នាំក្នុងខែឧសភា។
អ្នកដែលជិតស្និទ្ធនឹងលោកយាយបាននិយាយថា លោកយាយមានឯកសារអត្តសញ្ញាណដែលបញ្ជាក់ថាលោកយាយកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៨៩៤ ហើយធំធាត់ឡើងនៅកសិដ្ឋានដាំពោត។ ពួកគេនិយាយថា លោកយាយមិនដែលទៅសាលារៀនទេ ហើយមិនចេះអានឬសរសេរនោះឡើយ។
និយាយទៅកាន់ប៉ុស្តិ៍ News24 អ្នកមើលថែលោកយាយនិងត្រូវជាកូនប្រសាស្រី ឈ្មោះ ថានឌីវ៉េ វេស៊ីនយ៉ាណា (Thandiwe Wesinyana) បាននិយាយថា លោកយាយម៉ាហ្ស៊ីប៊ូកូប្រហែលជាស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលឬស្ត្រូក។
លោកយាយម៉ាហ្ស៊ីប៊ូកូបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយខាងលើនៅថ្ងៃខួបកំណើតគម្រប់ ១២៨ ឆ្នាំរបស់គាត់ថា “ខ្ញុំភ្ញាក់ផ្អើលខ្លាំងថាហេតុអ្វីបានជាខ្ញុំនៅតែនៅទីនេះបន្ទាប់ពីច្រើនឆ្នាំមកនេះ។ ហេតុអ្វីខ្ញុំនៅតែនៅទីនេះ? មនុស្សនៅជុំវិញខ្ញុំបានស្លាប់អស់ហើយ”។
‘តើខ្ញុំត្រូវស្លាប់ពេលណា? តើរស់នៅយូរមានន័យអី? ពិភពលោកធ្វើឱ្យខ្ញុំធុញទ្រាន់ ព្រោះខ្ញុំអង្គុយនៅទីនេះមិនធ្វើអ្វីសោះ”។
សពលោកយាយម៉ាហ្ស៊ីប៊ូកូនឹងត្រូវបញ្ចុះនៅថ្ងៃសៅរ៍ទី១១មីនានៅទីក្រុងជូបឺតុន។
លោកយាយជាបងប្អូនបង្កើតម្នាក់ក្នុងចំណោមបងប្អូនបង្កើត១២នាក់ ដែលក្នុងនោះប្អូនពៅបីនាក់នៅមានជីវិតនៅឡើយ៕
លោកយាយម៉ាហ្ស៊ីប៊ូកូស្លាប់កាលពីថ្ងៃទី៣មីនា ហើយសពនឹងត្រូវបញ្ចុះនៅថ្ងៃទី១១មីនា