ដោយៈ ឫទ្ធីស័ក្តិ/ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមីនា នេះថា ពាក់ព័ន្ធករណីគប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ គឺកម្លាំងជំនាញពាក់ព័ន្ធ និងអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានចំនួន ៣នាក់ ហើយបក្ខពួកដែលរត់គេចខ្លួនកំពុងស្រាវជ្រាវតាមចាប់បន្ត។

លោកបានអះអាងថា ការចាប់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ គឺបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះជាបន្តបន្ទាប់ពាក់ព័ន្ធករណីគប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់ ដូចជាករណីកើតហេតុនៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា ករណីនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យមានគ្នា ០៣នាក់៖ ១.ឈ្មោះ ទ្បឹក ភាន ហៅ (បារាំង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ២.ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ៣.ឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ករណីនេះម្ចាស់រថយន្ដមិនបានប្ដឹងសមត្ថកិច្ចនោះទេក៏បើករថយន្ដទៅបាត់ទៅ លុះដល់ម៉ោង០០និង៤៥នាទី ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកថា មានករណីគប់កញ្ចក់រថយន្ដ ក្រោយពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះដល់កន្លែងកើតហេតុហើយ ពិនិត្យមើលកន្លែងកើតហេតុជាក់ស្ដែងឃើញមានស្នាមកញ្ចក់បែកនៅលើទ្រូងផ្លូវជាតិលេខ១ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី០៦ ខែ មីនា ឆ្នំ ២០២៣ វេលាម៉ោង១៦:២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក ធ្វើការល្បាតបានឃើញជនសង្ស័យទាំង០៣នាក់ កំពុងដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ក៏បានសួរនាំរួចយកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

ក្រោយពីបានសាកសួររួចជនសង្ស័យទាំង០៣នាក់ ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនទាំង០៣នាក់ ពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន ហើយនិងបានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយពួកខ្លួនទើបតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទីមួយ៕ P / N