ដោយ៖ ដេប៉ូ / កំពង់ចាម៖ “គ្រូបង្រៀន” ប្រៀបដូចជាឆ្អឹងខ្នង នៃការអភិវឌ្ឍប្រទេស សម្រាប់ជំរុញការរីកចម្រើនលើគ្រប់វិស័យ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធាន មនុស្ស នៅក្នុងប្រទេស។ “ពាក្យថាគ្រូ ” គឺជាគំរូដល់សិស្សទូទៅ មិនថាសិស្សអ្នកមាន សិស្សអ្នកក្រ ឧកញ៉ា សេដ្ឋី ដើម្បីទទួលបានទាំងចំណេះដឹង និងទំនុកចិត្តសម្រាប់ជាទុន ក្នុងការកសាងអនាគតមួយដ៏ល្អប្រពៃ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ តំណាងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងបែបនេះ ក្នុងពិធីសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ គ្រប់កម្រិតសិក្សា ក្នុងវិស័យ សាធារណៈ និងឯកជន នៅទូទាំងស្រុកបាធាយ ចំនួន ១.២០០ នាក់ រៀបចំឡើង នៅវិទ្យាស្ថានអន្តរជាតិ បាធាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក ហេង សួរ បានរំលឹកពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលបានស្តារ និងអភិវឌ្ឍប្រទេសជាតិ ពីបាតដៃទទេ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលគ្រាដ៏លំបាក តោកយ៉ាក គ្មានសាលារៀនគ្រប់គ្រាន់ សម្ភារសិក្សា ក៏គ្មាន គ្រូបង្រៀន មានតិចតួចបំផុត ពេលនោះ គឺជាដំណាក់កាល “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ”។ តាមរយ:ការប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដៃម្ខាងការពារ ប្រទេសពីការវិលត្រឡប់ នូវរបបខ្មែរក្រហម និងដៃម្ខាងស្តារ និងអភិវឌ្ឍប្រទេសរបស់ យើងជាង ៤០ ឆ្នាំកន្លងមក ជាពិសេស ក្រោយពេលដែលប្រទេសយើង បានទទួល សន្តិភាពពេញលេញ ក្រោយពីសម្តេចតេជោ នាយករដ្ឋមន្រ្តី លះបង់គ្រប់បែបយ៉ាង យកអាយុជីវិតធ្វើដើមទុន រហូតសម្រេចបានជោគជ័យទាំងស្រុង នូវការអនុវត្តនយោ បាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លោក ហេង សួរ បានបញ្ជាក់បន្ថែមថាៈ ” រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានអភិវឌ្ឍប្រទេសរីកចម្រើន លើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ហើយមានឱកាស កសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញវន្ត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ជាច្រើន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួម ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស”។
ទន្ទឹមជាមួយគ្នានេះ លោក ហេង សួរ បានបន្តស្នើ ដល់លោកគ្រូ អ្នកគ្រូវិទ្យាល័យទាំង៥ នៅក្នុងស្រុកបាធាយ ត្រូវបន្តពង្រឹងគុណភាព ដើម្បីឱ្យសិស្សមានសមត្ថភាព ទទួលបាន និទ្ទេស A ឱ្យមានអត្រាកាន់តែខ្ពស់ ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងជាមួយវិទ្យាល័យ ផ្សេងទៀត នៅទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០២៣នេះ ។
បើតាមលោក អុន លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ បានឱ្យដឹងថាៈ នៅក្នុងស្រុកបាធាយ មានសាលាសរុប ៥៨ កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤៦ កន្លែង អនុវិទ្យាល័យ ៧ កន្លែង វិទ្យាល័យ ៥ កន្លែង ហើយមានអគារសិក្សាសរុប ចំនួន ១៨២ ខ្នង ស្មើនឹងចំនួន ៨១៤ បន្ទប់ ក្នុងនោះអគារជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន សរុបរួម ៥៦ ខ្នង ស្មើនឹង ៣០៧ បន្ទប់៕ V / N