ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ នៅក្នុងវិស័យ ការងារ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ លើកត្តាអាទិភាពចម្បង ចំនួន ៣ រួមមាន៖ ទី១. ការបង្កើតការងារ តាមរយៈការកៀរគរ វិនិយោគិន មកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សា នូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជា ការបង្កើតគោលនយោបាយ លើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅ ដ៏ទាក់ទាញ សម្រាប់ការវិនិយោគ រយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារ ជូនប្រជាពលរដ្ឋ។ ទី២. ការថែរក្សាឱកាសការងារ តាមរយៈការរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនា រវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុង ចម្រើនរបស់រោងចក្រ-សហគ្រាស។ ទី៣.ការបង្កើនបន្ថែមទៀត នូវឱកាសការងារទាំង លើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាល ភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែង ក្នុងចរន្តសាកលភាវូបនីយកម្ម។
ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ដោយសារការរួមចំណែកយ៉ាងសំខាន់នៃ វិស័យកាត់ដេរ រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ សម្រាប់ការ គាំទ្រ ដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ និយោជិត។ ក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរ ត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់ វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិត ដែលត្រូវបានព្យួរការងារ គឺម្នាក់ៗ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤០ ដុល្លារអាម៉េរិក ក្នុងមួយខែ ពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។
ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់ រោងចក្រ -សហគ្រាស នៅក្នុងវិស័យនេះ ដូចជា ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួល សម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែង កាតព្វកិច្ចបង់ភាគទាន ជាដើម។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ សម្រាប់ឆ្នាំ ២០២៣ នេះ, ប្រាក់ឈ្នួល អប្បបរមាសម្រាប់បងប្អូនកម្មករ -និយោជិត ក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធិនិងនៅមានប្រាក់អត្ថប្រយោជន៍ ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រង របស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃ៕ V / N