ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នេះ បានជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី -ខេត្ត ដើម្បីជួយជំរុញការពង្រឹងប្រសិទ្ធភាព យន្តការត្រួតពិនិត្យតាមដាន និងវាយតម្លៃ គុណភាព សេវាសុខាភិបាល ក្នុងមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។
តាមរយៈលិខិតនោះ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថាៈ ដើម្បីធានា សេវាថែទាំសុខភាព ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ក្រសួងសុខាភិបាល សូមធ្វើការណែនាំ ក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យជាប្រចាំ លើមន្ត្រីកំពុងបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវតែអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមាន។ ក្រសួងសុខាភិបាល និងក្រុមគណៈ វិជ្ជាជីវៈសុខាភិបាល នឹងជួយបណ្ដុះបណ្ដាល តាមការចាំបាច់ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត អំពីការងារត្រួតពិនិត្យ តាមដាន អភិបាលកិច្ច ផ្នែកគ្លីនិក នៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានអនុញ្ញាត គឺបានអនុលោមទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដែលបានកំណត់។
ទាក់ទិននឹងករណីខាងលើនេះ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការចំពោះមូលដ្ឋានសុខាភិបាល ណា ដែលមិនគោរពតាមការណែនាំខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ V / N