ដោយ: ពៅនិមល / ភ្នំពេញ៖ ស្ថិតនៅទីក្រុងដូហា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៅមជ្ឍមណ្ឌលសន្និបាតជាតិកាតា ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធានទឹក និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋស្លូវានី។
បើតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នេះថាៈ នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូន ភ្ញៀវអំពីសមិទ្ធផលថ្មីៗ ដែលកម្ពុជាសម្រេចបាន ក្នុងនាមជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ ដឹកនាំកំពូលធំៗជាច្រើន មកពីទូទាំងសកលលោក។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី និងសហការី អំពីសមិទ្ធផល ដែលកម្ពុជា សម្រេចបាននាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលក្នុងនោះរួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េខាង (CKFTA) និងកម្ពុជាកំពុងត្រៀមនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម នាពេលនេះ (Cambodia-UAE CEPA) ផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលបានជួបសំណេះសំណាលការងារ ជាមួយនឹងលោករដ្ឋមន្រ្តី ដោយក្នុងនោះ លោកស្រី បានលើកឡើងថាៈ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ មានការថមថយ ប្រទេសនៅក្នុងសហភាពអឺរ៉ុបមួយចំនួន បាននឹងកំពុងផ្តោតការចាប់អារម្មណ៍ មកកាន់ តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះ សាធារណរដ្ឋស្លូវានី បានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំង ចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។
បន្ថែមពីនេះ លោកស្រី ក៏បានបង្ហាញអំពីគោលបំណង ក្នុងការពង្រឹងកិច្ចប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យទេសចរណ៍ ដើម្បីអាចផ្តល់នូវផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
ជាកិច្ចបញ្ចប់ លោកស្រី ឧបនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្ដេជ្ញាចិត្ត ក្នុងការបន្តថែរក្សា ស្ថិរភាពនយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកស្រី ក៏បានបង្ហាញអំពីគោលបំណង ក្នុងការបំពេញទស្សនកិច្ចផ្លូវការ មកកាន់ ប្រទេសកម្ពុជា និងបានគោរពអញ្ជើញលោករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋស្លូវាគី ផងដែរ៕ V / N