ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូល ជាន់ខ្ពស់ ស្ដីពីការលើកកម្ពស់ការចូលរួមរបស់ ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណ កម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទ LDC5 ក្នុងឱកាសដែល លោករដ្ឋមន្រ្តី ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិ លើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងដូហា ប្រទេសកាតា។

ប្រភពពីក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៨ ខែមីនានេះ បានឲ្យដឹងថាៈ កិច្ចប្រជុំតុមូល ជាន់ខ្ពស់នេះ ត្រូវបានដឹកនាំដោយ សហប្រធានពីររូបគឺ លោក Evariste Ndayishimiye ប្រធានាធិបតីសាធារណរដ្ឋ Burundi និងលោកស្រី Sheikh Hasina នាយករដ្ឋមន្ដ្រី ប្រទេសបង់ក្លាដេស ព្រមទាំងមានការចូលរួម ជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។

ក្នុងកិច្ចអន្ដរាគមន៍ជាបឋម លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលកាតា ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ និងបានលើឡើង អំពីយុទ្ធសាស្ដ្រសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិរបស់ កម្ពុជា តាមរយៈការចូលជាសមាជិក ASEAN និង អង្គការ WTO ក៏ដូចជា ការបំពេញតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងក្របខ័ណ្ឌទាំងនេះ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។

ក្នុងតួនាទីសកម្មរបស់កម្ពុជាក្នុងតំបន់ លោកក៏បានលើកឡើងដែរថា កាលពីខែមករា កន្លងទៅ កម្ពុជា បានរៀបចំសិក្ខាសាលា កិច្ចពិភាក្សាថ្នាក់តំបន់ ស្ដីពី LDC5 សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចូលរួមសហការពី អង្គការ WTO, UN-OHRLLS និង Enhance Integrated Framework (EIF) ព្រមទាំង UN Regional Economic Commissions ដែលសិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ ជាធាតុចូល សម្រាប់បណ្ដាដៃគូអភិវឌ្ឍន៍ និងប្រទេស LDCs ជាពិសេស LDCs ដែលត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអង្គប្រជុំ អំពីការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងតំបន់ និងពិភពលោក ដែលជាផ្នែកស្នូលមួយ នៃយុទ្ធសាស្ដ្រ រយៈពេលវែង នៃការចាកចេញពីចំណាត់ថ្នាក់ LDC ។ ក្នុងនាមជាសមាជិក ASEAN កម្ពុជា អាច ទាញយកអត្ថប្រយោជន៍ នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប-RCEP)។ បន្ថែមពីនោះទៀត កម្ពុជាបានសម្រេចបាននូវកិច្ចព្រម ព្រៀង ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ដែលបានចូលជាធរមាន រួចរាល់ហើយ ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយសហភាពអារ៉ាប់ អេមីរ៉េត ដែលរំពឹងទុកថា នឹងបញ្ចប់ក្នុងពេលឆាប់ៗ ខាងមុខ នេះ។ កម្ពុជាក៏កំពុងស្វែងរកដៃគូ ពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិ ការ ពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារនាំ ចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានលើកឡើង អំពីកម្ពុជាដែលត្រូវបានវាយតម្លៃ លើកទី១ គណៈកម្មការ UN ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ថាកម្ពុជាអាចមានលក្ខណៈសម្បត្តិ ចាកចេញពី LDC category ជាលើកទី១ នៅឆ្នាំ២០២១ ហើយកម្ពុជា ត្រូវជាប់ លក្ខខណ្ឌនេះ ជាលើកទី២ សម្រាប់ការវាយតម្លៃម្ដងទៀត ជាលើកទី២ នៅដើមឆ្នាំ ២០២៤ ទើបអាចសម្រេចថា កម្ពុជាអាចចាកចេញពី LDC category នៅឆ្នាំ២០២៧ ឬឆ្នាំបន្ដបន្ទាប់ទៀត។

លោកបានកត់សម្គាល់ អំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងពាណិជ្ជកម្ម ដូចជា ការបាត់បង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជា បាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់ថ្នាក់ LDC ។
ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោកបានថ្លែងថាៈ ការពន្យារពេលក្នុងការផ្ដល់ ប្រព្រឹត្តកម្មពិសេស និងដោយឡែក កម្មវិធីកសាងសមត្ថភាព និងជំនួយបច្ចេកទេស ចំពោះ LDCs, ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយលោកបានលើកឡើង អំពី កម្មវិធីសកម្មភាពដូហា សម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដី សម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូន សម្រាប់ប្រទេសកំពុងចាកចេញពី LDC category ឆ្នាំ២០០៤ និង ២០២១។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ អំពីតួនាទីដ៏មានសារសំខាន់របស់ ដៃគូអភិវឌ្ឍន៍ ក្នុងការច្របាច់បញ្ជូលយុទ្ធសាស្ដ្រអន្តរកាល យ៉ាងរលូន ទៅក្នុងកម្មវិធី ជំនួយ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេស ដែលកំពុងចាកចេញពី LDC មុនពេល និងក្រោយពេលចាកចេញ។

នៅកិច្ចបញ្ចប់ អង្គប្រជុំ បានកត់សម្គាល់នូវអាទិភាព និងតម្រូវការរបស់ប្រទេស LDCs និងប្រទេសត្រៀមចាកចេញពី LDC category ហើយប្រធានអង្គប្រជុំ នឹងរាយការណ៍លទ្ធផលទាំងនេះ ជូនរដ្ឋសមាជិក ក្នុងសម័យប្រជុំ អនុម័តសេចក្ដីប្រកាស នយោបាយដូហា និងសម័យប្រជុំបិទសន្និសីទ៕ V / N