ដោយ:សុក្ខារិន/ពោធិសាត់:នៅថ្ងៃទី៨មីនា២០២៣លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងពោធិ៍សាត់និងជាអភិបាលខេត្តបានជួបសំណេះសំណាលជាមួយបងប្អូននារីជាសមាជិការគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ជាង៥០០នាក់ឱកាសអបអរសាទរ ទិវាអន្តរជាតិនារី៨មិនា ខួបលើកទី១១២ ក្រោម ប្រធានបទ«ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»។

ពិធីនេះបានប្រារព្ធនៅស្នាក់ការគណបក្ស សង្កាត់ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា អនុប្រធានគណបក្សនិងជាប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ឯម ប៉ុណ្ណា សមាជិការរដ្ឋសភានិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង។

ក្នុងឱកាសនេះ លោក ខូយ រីដា សម្តែងនូវការកោតសរសើរចំពោះបងប្អូននារីជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្ទះព្រៃដែលបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូ អំណត់ អត់ធ្មត់ព្យាយាម ជម្នះគ្រប់ឧបសគ្គនិងកែប្រែឥរិយាបថរបស់មនុស្ស ក្នុងសង្គមឲ្យទទួលនិងផ្តល់ឱកាសឲ្យស្ត្រីគ្រប់រូបទទួលបាននូវអត្ថប្រយោជន៍ធនធានសេដ្ឋកិច្ច សិទ្ធិស្មើគ្នាជាមួយបុរសនិង ធ្វើឲ្យជិវិតរបស់ខ្លួនរួចផុតពីភាពងាយរងគ្រោះ ឆ្ពោះទៅរកភាពសុខដុមរមនានិងសម្បូររុងរឿង៕សរន / N