ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រសួងយុត្តិធម៌អាម៉េរិកបាននិយាយថា កាលពីថ្ងៃពុធទី៨មីនា សហរដ្ឋអាម៉េរិកបានទទួលដីកាដើម្បីរឹបអូសយន្តហោះ Boeingដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft ដែលមានតម្លៃជាង ២៥ លានដុល្លារ។
ក្រសួងយុត្តិធម៌បាននិយាយថា តុលាការសង្កាត់ភាគខាងកើតនៃទីក្រុងញូវយ៉កបានអនុញ្ញាតដល់ការរឹបអូសនេះដោយផ្អែកលើការរំលោភលើការគ្រប់គ្រងការនាំចេញនិងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីជុំវិញការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូលើអ៊ុយក្រែន ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២២បានរារាំងពាណិជ្ជកម្មពិភពលោកនិងធ្វើឱ្យស្មុគស្មាញដល់សមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រេងរុស្ស៊ី។ នាយកប្រតិបត្តិក្រុមហ៊ុន Rosneft លោក អ៊ីហ្គ័រ សេឈីន (Igor Sechin) ដែលជាសម្ពន្ធមិត្តយូរអង្វែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម។
ក្រសួងយុត្តិធម៌បាននិយាយថា ចាប់តាំងពីការដាក់ទណ្ឌកម្មចូលជាធរមាន យន្តហោះ Boeing 737-7JU ផលិតដោយសហរដ្ឋអាម៉េរិក បានចាកចេញ និងចូលរុស្ស៊ីវិញយ៉ាងហោចណាស់ប្រាំពីរដង។
លោក អេនឌ្រូ អាដាម (Andrew Adams) មន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា “តាមរយៈការរំលោភលើការត្រួតពិនិត្យការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន Rosneftបានបំប្លែងយន្តហោះរបស់ខ្លួនទៅជាទំនិញខុសច្បាប់”។
ក្រសួងយុត្តិធម៌បានបន្ថែមថា យន្តហោះ Boeing ឃើញចុងក្រោយនៅសហរដ្ឋអាម៉េរិកក្នុងខែមីនា ឆ្នាំ ២០១៤ ហើយត្រូវគេជឿថាស្ថិតនៅក្នុងឬធ្វើដំណើរទៅមកពីប្រទេសរុស្ស៊ី។
មេធាវីអាម៉េរិកលោក ប្រុន ភីស (Breon Peace) បាននិយាយថា “សកម្មភាពអនុវត្តច្បាប់នៅថ្ងៃនេះបង្ហាញថាវាមានតម្លៃត្រូវបង់សម្រាប់ក្រុមហ៊ុននិងពួកមហាសេដ្ឋីរបស់រុស្ស៊ីដែលគេចវេសពីទណ្ឌកម្មដែលសហរដ្ឋអាម៉េរិកបានដាក់ចេញ ជាការឆ្លើយតបទៅនឹងសង្គ្រាមដ៏អយុត្តិធម៌ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន”៕
យន្តហោះ Boeing 737-7JU របស់ក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft