ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី១០គីឡូម៉ែត្រ ក្រោមប្រធានបទ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់នា ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលម៉ិញនៅសួនច្បារ វត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រមាណ១៥០០នាក់ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វ៍។ លោក វ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា NOCC បានសហការមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ក្នុងការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ នៅក្នុងឆ្នាំ២០២៣នេះប្រកបដោយភាពជោគជ័យដែលមានអ្នកចូលរួមរត់ជាង១៥០០នាក់ទាំងកីឡាករកីឡាការិនីជាតិនិងអន្តរជាតិប្រកបដោយស្នាមញញឹម។
លោកបានបន្ថែមថាយើងពិតជាមានក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិឡាយហ្វ៍ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីនេះ ឡើងវិញ ក្រោយខកខាន២ឆ្នាំដោយសារវិបត្តិជំងឺ Covid-19។ លោកបានបញ្ជាក់ជូនថា ប្រជាពលរដ្ឋចូលរួមទិវារត់ប្រណាំងស្ត្រីក្នុងឆ្នាំនេះ គឺពិតជាច្រើនកុះករ ដែលការចូលរួមនេះអាច ជួយលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងការចូលរួមសកម្មភាពកីឡា។ ទិវារត់ប្រណាំងនេះ ក៏មានគោល បំណងចូលរួមអបអរសាទរដល់ដំណើរឆ្ពោះទៅរបស់កម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ផងដែរ។ លោកស្រី កុយ ពិសីរដ្ឋលេខាធិការក្រសួងទេសចរណ៍បាន គូសបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា គឺជាថ្ងៃរម្លឹកខួប១១២ឆ្នាំពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី ហើយទិវារត់ប្រណាំងនេះមានការចូលរួមច្រើនកុះករពីបុរសនិងនារីដោយក្នុងសង្គមជាតិមួយត្រូវមានការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីបង្កើតឡើងនូវសុខដុមរម្យនា។
លោកស្រីបន្ដថា តាមរយៈព្រឹត្តិការណ៍កីឡានេះ នឹងជួយជំរុញដល់សុខមាលភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយលោកស្រីក៏បានអំពាវនាវដល់កីឡាករ កីឡាការិនី ជាពិសេសស្ត្រីចូលរួមក្នុងសកម្មភាពកីឡាឱ្យបានច្រើនបន្ថែមទៀតនាឆ្នាំបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាពល្អដោយកាលណាមនុស្សមានសុខភាពល្អនោះសង្គមគ្រួសារក៏មានការរីកចម្រើនទៅតាមនោះដែរ៕សរន/r