ដោយៈ គង់ហេង / កំពង់ចាម៖ ផ្លូវក្រាលកៅស៊ូ និងបេតុង ចំនួន ប្រាំខ្សែ ចម្ងាយសរុប ប្រវែងជាង ៥០ គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លងកាត់ស្រុកព្រៃឈរ គឺបច្ចុប្បន្ន បាននិងកំពុងស្ថាបនា ។ នេះបើតាមបញ្ជាក់ប្រាប់របស់លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងណាយ នៅក្នុងឱកាសដែលលោកស្រី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូ នៅឃុំបឹងណាយ ស្រុកព្រៃឈរ កាលពីថ្ងៃទី ៨ មីនា ម្សិលមិញ។
លោកស្រី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល បានតបណ្តាញអគ្គិសនី សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់គ្រប់ៗ គ្រួសារ មានទឹកស្អាត និងសាងសង់គ្រប់ហេដ្ឋារចនាសម្ព័ន្ធ អគារសាលារៀន ផ្លូវ ។ ក្នុងនោះ លោក ប៉ាន សូរស័ក្តិ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និង ស្រុកបាធាយ បានផ្ដល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ៥ គ្រឿង សម្រាប់បម្រើសេវាដឹក ជញ្ជូនអ្នកជំងឺ ទៅកាន់គ្រប់គោលដៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឥតគិតថ្លៃ ដោយ បន្ទុកថ្លៃថែទាំរថយន្ត និងប្រេង ត្រូវបានលោកប្រធាន ធានារ៉ាប់រងទាំងស្រុង។
លោកស្រី បានបន្ថែមថាៈ ជាមួយគ្នានោះដែរ សមិទ្ធផលថ្មី ដែលទទួលបាន រួមមាន ក្រសួងធនធានទឹក និងឧតុនិយម បានជួយស្តារប្រឡាយ នៅឃុំបឹងណាយ ប្រវែង ៥.០០០ ម៉ែត្រ ចាប់ពីអាងទឹកឆា រហូតដល់ភូមិចន្លាត់ដៃ រួមនឹងផ្លូវកៅស៊ូ ចំនួន ៤ ខ្សែ កំពុងស្ថាបនា ប្រវែង ៤០,២ គីឡូម៉ែត្រ នៅឃុំត្រពាំងព្រះ តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ផ្លូវកៅស៊ូ ប្រវែង ២៣,៥ គីឡូម៉ែត្រ ពីឃុំស្រង៉ែ ដល់ឃុំក្រូច ជំនួយធនាគារពិភព លោក តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ, ផ្លូវកៅស៊ូប្រវែង ៨,៥ គីឡូម៉ែត្រ ពីភូមិថ្មដា ឃុំបឹងណាយ ដល់ផ្លូវជាតិលេខ៦ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ជាជំនួយរបស់ ធនាគារពិភពលោក, ផ្លូវកៅស៊ូប្រវែង ១២ គីឡូម៉ែត្រ ចាប់ពីខ្លោងទ្វាចូលវត្តសូរសែន្យ រហូតដល់ផ្សារអ្នកតាស្នឹង ជាថវិកាក្រសួងអភិវឌ្ឍន៍ជនបទ និងផ្លូវបេតុងប្រវែង ៥.០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ចាប់ពីខ្លោងទ្វារវត្តត្រពាំងអំពិល ដល់ឃុំតុងរ៉ុង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃព្រះរាជាណាចក្រ កម្ពុជា។
លោកស្រី បានបន្តថាៈ ជាក់ស្ដែង នៅថ្ងៃទី៨ មីនានេះ យើងកំពុងទទួលបានសមិទ្ធផលថ្មី មួយទៀត ជាផ្លូវកៅស៊ូ ដោយមានប្រឡាយទឹក អមសងខាងប្រវែង ១៣.០០០ ម៉ែត្រ ដែលកំពុងបើកការដ្ឋានសាងសង់ នាឱកាសនេះ។ ផ្លូវនេះ ពីមុនមក គឺជាទំនប់ភ្លឺស្រែ ដែលអ្នកភូមិប្រើប្រាស់ សម្រាប់ធ្វើដំណើរទៅស្រែរបស់ខ្លួន និងសម្រាប់ឆ្លងកាត់ ទៅភូមិ ដែលនៅជិតខាង។ ក្រោយមក ក្រោមគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹក បានជីកធ្វើប្រឡាយ និងបានយកអាចម៍ដី ប៉ះបន្ថែម ដែលធ្វើឱ្យក្លាយជាផ្លូវលំ និងបានជួសជុលកែលម្អ ជាបន្តបន្ទាប់របស់រដ្ឋបាលស្រុក ធ្វើឱ្យមានភាពងាយស្រួល ដល់ប្រជាកសិករ ក្នុងការដឹកនាំកសិផលរបស់ខ្លួន ទៅកាន់ទីផ្សារ។ ដោយមើលឃើញ ការលំបាករបស់ប្រជាពលរដ្ឋ និងមានសំណូមពររបស់ប្រជាពលរដ្ឋផង ទាំងរដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងក្រុមការងារចុះជួយឃុំ បានសម្របសម្រួល និងទំនាក់ទំនង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះសិក្សា និងសម្រេចកែប្រែផ្លូវនេះ ជាផ្លូវកៅស៊ូ ដើម្បីធានាបាននូវគុណភាព ក្នុងការប្រើប្រាស់ បានយូរអង្វែង៕ V / N