ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអ៊ុយក្រែននិងអគ្គលេខាអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូទែរ៉េស កាលពីថ្ងៃពុធបានអំពាវនាវអោយមានការបន្តកិច្ចកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅតាមបណ្តាកំពង់ផែសមុទ្រខ្មៅចំពេលរុស្ស៊ីបន្តសង្គ្រាមនៅអ៊ុយក្រែន។
ក្រោយកិច្ចពិភាក្សាជាមួយលោកហ្គូទែរ៉េស នៅទីក្រុងគៀវ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថាកិច្ចព្រមព្រៀង«គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»មានភាពចាំបាច់ដ៏សំខាន់សំរាប់ពិភពលោក និងប្រមុខអង្គការសហប្រជាជាតិក៏បានបញ្ជាក់អំពីសារសំខាន់របស់វាចំពោះសន្តិសុខស្បៀងនិងថ្លៃស្បៀងពិភពលោក។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង១២០ថ្ងៃដែលជួយសម្របសម្រួលអោយសំរេចឡើងដោយប្រទេសតួកគីនិងអង្គការសហប្រជាជាតិ កាលពីខែកក្កដាឆ្នាំមុន បានផុតកំណត់នៅខែវិច្ឆិកា ហើយត្រូវបន្តវាឡើងវិញនៅថ្ងៃ១៨ ខែមីនាបើសិនជាមិនមានភាគីមួយណាជំទាស់ទេ។
ទោះជាយ៉ាងណា ការទាមទាររបស់រុស្ស៊ីនៅមិនទាន់បំពេញបាននៅឡើយ នេះបើតាមការបញ្ចេញអោយដឹងពីប្រភពការទូតតួកគី ហើយរដ្ឋាភិបាលទីក្រុងអង់ការ៉ា(តួកគី)បានខិតខំធ្វើការខ្លាំងណាស់ដើម្បីធានាការបន្តកិច្ចព្រមព្រៀងនេះ។
មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរទៅជាមួយលោកហ្គូទែរ៉េស នឹងជួបប្រជុំជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងហ្សឺណែវនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីកាបន្តកិច្ចព្រមព្រៀង។
រុស្ស៊ី ដែលបានឈប់បិទខ្ទប់បណ្តាកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនក្រោយអនុវត្តកិច្ចព្រមព្រៀងនេះ បានអោយសញ្ញាថា ឧបសគ្គចំពោះការនាំចេញកសិផលរបស់ខ្លួនត្រូវតែដកចេញមុនខ្លួនអនុញ្ញាតអោយបន្តកិច្ចព្រមព្រៀងនេះ។
បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងតឹងតែងលើរុស្ស៊ី ដោយសារតែសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ទំនិញស្បៀងនិងជីគីមីរបស់រុស្ស៊ីមិនស្ថិតក្រោមទណ្ឌកម្មសំរាប់ការនាំចេញទេ តែរដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថា ការរឹតបន្តឹងលើការទូទាត់ប្រាក់ ឡូជីស្ទិចនិងឧស្សាហកម្មធានារ៉ាប់រង ជាឧបសគ្គដល់ការដឹកជញ្ជូនទំនិញដូច្នេះរបស់ខ្លួន៕
អគ្គលេខាងអង្គការសហប្រជាជាតិ និងប្រធានាធិបតីអ៊ុយក្រែន ធ្វើសេចក្តីថ្លែងការណ៍រួមមួយក្រោយជំនួបនៅទីក្រុងគៀវ កាលពីថ្ងៃ៨មីនា
ឃ្លាំងគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅកំពង់ផែអូដេសានៅសមុទ្រខ្មៅ