ដោយ៖ ដេប៉ូ / កំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ បណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធនានា បានត្រៀមរួចជាស្រេច ដើម្បីចូលរួម ដាក់តាំងពិព័រណ៍ បង្ហាញនូវវឌ្ឍនភាពការងារ សមិទ្ធផលការងារ និងផលិតផល តាមបណ្តាសហគមន៍ ជូនដល់សាធារណជន ជាភ្ញៀវជាតិ និងអន្តរជាតិ ទស្សនា។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងការចូលរួមតាំងពិព័រណ៍ បង្ហាញវឌ្ឍនភាពការងារ លើការគ្រប់គ្រង វិស័យបរិស្ថាន និងផលិតផលសហគមន៍ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិនេះ បានការគាំទ្រដោយ មូលនិធិបរិស្ថាន និងសង្គម និងគម្រោងសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងដៃគូសហការ ផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្ត ដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុង ជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ ក្នុងពិធីនេះ ក៏នឹងមានសកម្មភាព សំខាន់ៗ ដូចជាការសម្ដែងទស្សនីយភាពសិល្បៈការប្រគំតន្ត្រី និងការបាញ់កាំជ្រួច អបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត តាមដងទន្លេ និងការតាំង ពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផល ក្នុងស្រុក ភូមិមួយផលិត មួយ ផលិតផលកែច្នៃ រួមទាំងមានសកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់ កីឡាករ–កីឡាការនីជាតិ និងអន្តរជាតិ ផងដែរ។
គួររំលឹកថា ពិធីបុណ្យទន្លេលើកទី៧ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងទៅអនាគត» នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ៕/V-PC