ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងរយៈពេលប្រមាណជាង ៦ខែ កន្លងមកនេះ គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល បានប្រើប្រាស់ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃបច្ចេកវិទ្យា។
បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថាៈ គណៈកម្មាធិការ រដ្ឋាភិបាលឌីជីលថល បាននិងកំពុងសិក្សាស្វែងយល់ អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សា ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់ បានជាភាសាខ្មែរ បន្ទាប់មក នឹងដាក់ឱ្យស្ថាប័នរដ្ឋ និងឯកជន រួមទាំងសាធារណជន ទាំងអស់ អាចប្រើប្រាស់បានទូលំទូលាយ។
គួរបញ្ជាក់ថា ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុនOpen AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការ ក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើ ប្រាស់ AI ហើយត្រូវរចនាឡើង ដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។
ChatGPT ពិតជាមានសមត្ថភាពខ្ពស់ ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ដូចជា ការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្សការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើង ឱ្យមាន សមត្ថភាពយល់ដឹង ពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញ បានឆាប់រហ័ស ដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗ ដែលយើង បាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា៕/V-PC