ដោយ៖ដេប៉ូ / ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស ត្រូវចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋ នៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក នៅក្នុងយុគសម័យ ឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច–សង្គម ក្រោយវិបត្តិជំងឺកូវីដ– ១៩ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាន នូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេស ក្នុងយុគ សម័យឌីជីថល និងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេស ដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ។
ថ្លែងក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យ ឌីជីថល» នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្នុងពិធីអបអរសាទរនេះ គេក៏ឃើញមានវត្តមានចូលរួមពីសំណាក់ លោកស្រី សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអភិបាលស្រុក លោកឧកញ៉ា លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកអូរាំងឳ និងប្រជាពលរដ្ឋដែលជាស្ត្រី ជាភ្ញៀវកិត្តយស សរុបចំនួន ប្រមាណជាង ៤៤០ នាក់។
ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីសេចក្តីស្រលាញ់ យកចិត្តទុកដាក់ និងដឹងគុណ ចំពោះស្ត្រីទាំងអស់ដែលបានលះបង់ទាំងកាយចិត្ត និងពេលវេលា ចូលរួមក្នុងកិច្ចការងារ សង្គមជាតិ គណៈអធិបតី បានប្រគល់នូវបាច់ផ្កា និងវត្តុអនុស្សាវរីយ៍ ជូនដល់ស្ត្រីដែល ជាឧត្តមភរិយា ជាគណៈអភិបាល ជាបណ្តាញក្រុមការងារចុះជួយមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម ក្នុងអង្គពិធីនេះផងដែរ៕/V-PC