ប្រែសម្រួលៈបំណង(ដេល្លីម៉េល,វ៉េអិនអិចស្ព្រេស)៖ អូស្ត្រាលីនឹងលែងទាមទារអោយអ្នកដំណើរទៅពីចិនធ្វើតេស្តិ៍រកមេរោគកូវីដ១៩មុនពេលចេញដំណើរតទៅទៀតហើយចាប់ពីពាក់កណ្តាលយប់ថ្ងៃ១១មីនា នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩មីនា។
វិធានការនេះក៏នឹងអនុវត្តលើអ្នកដំណើរទៅពីដែនដីម៉ាកាវនិងហុងកុង ផងដែរ។
លោករដ្ឋមន្ត្រីម៉ាក បាត់ល័រ(Mark Butler)បាននិយាយថា«នេះជាការសំរេចចិត្តប្រកបដោយការថ្លឹងថ្លែងមួយផ្អែកលើចំនួនឆ្លងកូវីដនៅចិន ទិន្នន័យទៀតទាត់ពីចិនស្តីករណីឆ្លង និងការពិតដែលថាយើងបានពង្រឹងសមត្ថភាពរបស់យើងដើម្បីតាមដានមេរោគនិងឆ្លើយតបចំពោះប្រភេទវីរុសគួរអោយព្រួយបារម្ភលេចចេញថ្មីៗនៅក្នុងអូស្ត្រាលីដែលមានប្រភពមកពីក្រៅប្រទេស»។
ប្រទេសជាច្រើនបានអនុវត្តវិធានការស្រដៀងគ្នា ដោយអាម៉េរិក កូរ៉េខាងត្បូងនិងជប៉ុនសុទ្ធតែបានបង្ហាញបំណងឬប្រកាសថានឹងលុបចោលការត្រួតពិនិត្យរកកូវីដលើអ្នកដំណើរទៅពីចិន។
អាម៉េរិកកំពុងពិចារណាដកចេញការតំរូវអោយអ្នកដំណើរទៅពីចិនធ្វើតេស្តិ៍រកកូវីដ១៩
មជ្ឃមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអាម៉េរិក(CDC)ប្រុងនឹងបញ្ចប់ការធ្វើតេស្តិ៍កូវីដ១៩លើអ្នកដំណើរទៅពីចិននៅថ្ងៃសុក្រនេះ នេះបើតាមប្រភពព័ត៌មានដឹងបញ្ហាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលពីសប្តាហ៍មុនជប៉ុន បានទម្លាក់ចោលការទាមទារអោយអ្នកដំណើរទៅពីចិនត្រូវធ្វើតេស្តិ៍រកកូវីដនៅពេលពួកគេទៅដល់ជប៉ុនផងដែររីឯកូរ៉េខាងត្បូងបានប្រកាសកាលពីខែមុនថា ខ្លួននឹងឈប់ពិនិត្យអ្នកដំណើរទៅពីចិនដើម្បីរកកូវីដចាប់ពីខែមីនា។
ប្រភពព័ត៌មានបាននិយាយថា អាម៉េរិកនឹងបន្តតាមដានករណីឆ្លងនៅចិននិងជុំវិញពិភពលោក។
សូមបញ្ជាក់ថា អាម៉េរិកបានដឹកនាំប្រទេសមួយចំនួនក្នុងលោករួមមាន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង កាណាដា បារាំង អ៊ីតាលី …ក្នុងការអនុវត្តវិធានការរឹតបន្តឹងការចូលរបស់អ្នកដំណើរទៅពីចិនបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងលុបចោលការអនុវត្តវិធានការគ្រប់គ្រង់កូវីដដ៏តឹងរឹងអស់បីឆ្នាំរបស់ខ្លួនកាលពីចុងឆ្នាំ២០២២ ជាហេតុនាំអោយលេចឮព័ត៌មានអំពីការផ្ទុះកូវីដដ៏រាលដាលខ្លាំងភ្លាមៗ។ ទោះជាយ៉ាងណានៅមួយខែក្រោយមក ចំនួនឆ្លងនិងស្លាប់ដោយកូវីដ១៩នៅចិនបានធ្លាក់ចុះស្ទើរ១០០ភាគរយ។
កាលពីខែកុម្ភៈ ក្រុមមេដឹកនាំចិនបានប្រកាស«ជោគជ័យធំ»លើកូវីដ ដោយបានអះអាងអំពីអត្រាស្លាប់ដោយជំងឺឆ្លងនេះនៅចិនទាបបំផុតធៀបនឹងអត្រាស្លាប់នៅប្រទេសនានាក្នុងលោក៕