ដោយៈសុក្ខារិន / ពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅវត្តនទីមង្គល ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានបើកកិច្ចប្រជុំ គណៈកម្មការត្រួត ពិនិត្យការប្រលងពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនានេះ នៅមណ្ឌលប្រលងសាលាបឋមសិក្សា ហ៊ុន សែន អ៊ុមអៀម ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ក្រោមព្រះអធិបតីភាព ព្រះព្រហ្មាភិរ័ត កែវ កន ព្រះមេគណខេត្ត ពោធិ៍សាត់ ។

កិច្ចប្រជុំនេះ ក៏មានការនិមន្ត និងចូលរួមពីព្រះចរិយានុរក្ស សោម វិជ្ជា ប្រធានប្រតិភូ លោក ម៉េង សាម៉េត អនុប្រធានប្រតិភូ នៃក្រសួងធម្មការ និងសាសនា លោក អែម សុទ្ធា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ ឆ្នាំង ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្តកំពង់ឆ្នាំង ព្រះមង្គលានុរ័ក អំ សៃ ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង ព្រះអនុគណស្រុកកណ្តៀង ព្រះចៅ អធិការវត្តនទីមង្គល គណកម្មការប្រលងខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង។

លោក អែម សុទ្ធា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ ការប្រលងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មានមណ្ឌល ១ មណ្ឌល ស្មើនឹង ៩ បន្ទប់ មានសមណសិស្ស-សិស្ស សរុបចំនួន ២០៣ អង្គ/នាក់ ក្នុងនោះ ខេត្តពោធិ៍សាត់ មានចំនួន ៧៦ អង្គ/នាក់ និងមកពីខេត្តកំពង់ឆ្នាំង មានចំនួន ១២៧ អង្គ/នាក់ ទីតាំងប្រលង ស្ថិតនៅសាលាបឋម សិក្សា ហ៊ុន សែន អ៊ុមអៀម ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរ ព្រះព្រហ្មាភិរ័ត កែវ កន ព្រះមេគណខេត្តពោធិ៍សាត់ និងព្រះចរិយា នុរ័ក្ខ សោម វិជ្ជា ប្រធានប្រតិភូ បានមានសង្ឃដីកា ផ្តាំផ្ញើដល់គណៈកម្មការប្រលងទាំង អស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិ ឱ្យត្រឹមត្រូវតាមការណែនាំ របស់ក្រសួងធម្មការ និងសាសនា ដើម្បីឱ្យការប្រលងប្រព្រឹត្តទៅរលូន ហើយទទួល លទ្ធផលសូចនាករមួយ ប្រកបដោយតម្លាភាព និងគុណភាព គឺសមណសិស្ស -សិស្ស ចេះគឺជាប់៕ V / N