​ប្រែ​សម្រួល​:​កញ្ញា​ដា​លី​ស​(​ដេល្លី​ម៉េល​)៖​អតីត​រាជិនី​សម្រស់​ម៉ិក​ស៊ិក​និង​មិត្ត​ប្រុស​ដើមកំណើត​រ៉ូ​ម៉ា​នី​របស់​នាង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​លួច​ស្រា​ថ្លៃ​នៅ​ភោជនីយដ្ឋាន​អេ​ស្ប៉ាញ​លំដាប់​ផ្កាយ​ប្រាំមួយ​។​

​នាង ព្រី​ស៊ីឡា ឡា​រ៉ា ហ្គេ​វ៉ា​រ៉ា (Priscila Lara Guevara) និង​លោក ខុន​ស្តា​ន​ទីន ហ្គា​ព្រីល ឌូ​មីទ្រូ (Constantin Gabriel Dumitru) ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ពីបទ​លួច​ស្រា​ចំនួន ៤៥ ដប​ពី​សណ្ឋាគារ​ភោជនីយដ្ឋាន​អា​ទ្រី​យ៉ូ (Atrio Restaurant Hotel) ក្នុង​ទីក្រុង​កា​សេ​រ៉េ​ស (Caceres) ជិត​ព្រំដែន​អេ​ស្ប៉ាញ​ជាមួយ​ព័រទុយហ្គាល់​បន្ទាប់ពី​សវនាការ​រយៈពេល​ពីរ​ថ្ងៃ​។​

​បវរកញ្ញា​ម៉ិក​ស៊ិក​អាយុ ២៩ ឆ្នាំ​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ៤ ឆ្នាំ​ហើយ​មិត្ត​ប្រុស​អាយុ ៤៧ ឆ្នាំ​របស់​នាង​ទទួលទោស​ជាប់គុក ៤ ឆ្នាំ​កន្លះ​។​

​ការកាត់ទោស​ជា​លាយលក្ខណ៍អក្សរ ២៤ ទំព័រ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មីនា ក៏​និយាយ​ដែរ​ថា ពួកគេ​ត្រូវ​បាន​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ចំនួន ៧៥៣.០០០ អឺរ៉ូ​។​ 

​ត្បិត​រដ្ឋអាជ្ញា​បានកំណត់​តម្លៃ​ស្រា​មុន​ពេល​កាត់ក្តី​ជាង ១,៨ លាន​ដុល្លារ​ក៏​ប៉ុន្តែ​តម្លៃ​ស្រា​ត្រូវ​បាន​បន្ថយ​ក្នុងអំឡុងពេល​សវនាកា​របើក​ចំហ​មក​ត្រឹម​ចំនួន​ទឹកប្រាក់​ដែល​ទណ្ឌិត​ទាំងពីរ​ត្រូវ​បាន​ស្នើ​​សុំ​ជា​សំណង​។​

​ស្រា​ដែល​លួច​នោះ​រួមមាន​ទាំង​ស្រា Chateau d’Yquem ឆ្នាំ​១៨៨៤ ដែល​លក់​ក្នុង​មួយ​ដប ៣៥០.០០០ អឺរ៉ូ​៕

​នាង​ព្រី​ស៊ីឡា ឡា​រ៉ា ហ្គេ​វ៉ា​រ៉ា និងមិត្តប្រុសជាប់គុក ​ពី​បទ​លួច​ស្រា