ដោយ៖ ដេប៉ូ / កោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ បានទទួលការគាំទ្រជាខ្សែ ក្រវាត់បៃតង ក្នុងការជួយគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងពេលកន្លងទៅនេះ ក្រសួងបរិស្ថាន បានគាំទ្រជាមូលនិធិ ជួយដល់សហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការបង្កើនជីវភាពប្រជាពលរដ្ឋ និងការអភិរក្សធនធានធម្មជាតិ។
សហគមន៍អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង ជាសហគមន៍តំបន់ការពារធម្មជាតិមួយ នៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង បានទទួលជំនួយមូលនិធិពីក្រសួង សាងសង់ ស្ពានឆ្លងកាត់អូរ ជណ្តើរឡើងទៅកាន់ភ្នំម្រេចកង្កែប ក្នុងនោះមានស្ពាន ជណ្តើរ បង្កាន់ដៃសុវត្តិភាព ដែលបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទៅកម្សាន្ត ទៅលើភ្នំម្រេច កង្កែប។
ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ភ្នំម្រេចកង្កែប តំបន់ធម្មជាតិមួយកន្លែង ដែលមានសក្តានុពលទេសចរណ៍ ធម្មជាតិ ល្អឯក ប្រៀបដូចឋានសួគ៌ សម្រាប់អ្នកទេសចរផ្សងព្រេង ដែលនៅពេលបានមកដល់ និងបានទស្សនាស្ទឹងពពក សមុទ្រឈើ សត្វព្រៃ ទឹកជ្រោះល្អស្រស់គ្មានគូប្រៀប ហ្វូងសត្វហិចហើរលើអាកាស ចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង និងតំបន់បុរាណជាដើម។
លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង បានឱ្យដឹងថាៈ កាលពីឆ្នាំ ២០១៩ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានអញ្ជើញទៅទស្សនកិច្ច នៅតំបន់ភ្នំម្រេចកង្កែបនេះ ឃើញមានស្ថានភាពលំបាក ហើយបានឱ្យសហគមន៍ស្នើសុំ ការអភិវឌ្ឍន៍តំបន់ភ្នំម្រេចកង្កែប។ រហូតមកដល់ចុងឆ្នាំ២០២១ មន្រ្តីនៃមន្ទីរបរិស្ថាន ខេត្តកោះកុង បានសម្របសម្រួល ជាមួយសហគមន៍ បានកសាង និងអភិវឌ្ឍន៍តំបន់ ភ្នំម្រេចកង្កែប បានចាប់ផ្តើម ក្នុងនេះបានសាងសង់ស្ពាន ឆ្លងកាត់អូរមួយចំនួន បានធ្វើជណ្តើរឡើង ធ្វើបន្ទប់ទឹកស្អាត មានអនាម័យ សាសង់ជារនាំងការពារសុវត្តិភាព បំពាក់ប្រព័ន្ធទឹកស្អាតរួមមាន ស៊ីទែនទឹក សូឡា និងសាងសង់ផ្ទះចុងភៅ១ខ្នងផងដែរ។
សម្រាប់សមិទ្ធិផលទាំងអស់នេះ បានធ្វើរួចរាល់នៅអំឡុងដើមឆ្នាំ ២០២២កន្លងមក ដែលជួយឱ្យអ្នកទេសចរណ៍ ងាយស្រួលធ្វើដំណើរកម្សាន្តទីកន្លែងនេះ និងចំនួនភ្ញៀវ ទេសចរ កើនឡើងបន្តបន្ទាប់។
ប្រធានសហគមន៍រូបនេះ បានប្រាប់ថាៈ ភ្នំម្រេចកង្កែប បានក្លាយជាតំបន់រមណីយដ្ឋាន បែបធម្មជាតិ ស្ទើរគ្រប់រដូវកាល ហើយនៅពេលភ្ញៀវទេសចរ បានទៅដល់ពយម្រេច កង្កែប នៅលើភ្នំ កម្ពស់ប្រមាណជាង ៤៥០ ម៉ែត្រ គឺពួកគាត់អាចបោះតង់ ឬចងអង្រឹងសម្រាកក្រោមដើមឈើ ដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។
លោកបានបន្តថាៈ ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅទីនោះ អាចទំនាក់ទំនង ទៅសហគមន៍អេកូទេសចរណ៍ ស្ទឹងអារ៉ែងដោយប្រជាសហគមន៍ មានផ្តល់សេវាកម្ម ទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ការផ្តល់សុវត្ថិភាព និងការនាំផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនភ្ញៀវទេសចរ។
លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឱ្យដឹងថាៈ តំបន់ភ្នំម្រេច កង្កែប ជាកន្លែងអេកូទេសចរណ៍ ដ៏ល្អប្រណិតនៅក្នុងតំបន់ការពារធម្មជាតិ។ តាមរយៈ ការកើនឡើង នៃភ្ញៀវទេសចរ កន្លងមក បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាសហគមន៍ ក្នុងនេះដូចជា ជួលសេវាសហគមន៍ ទិញម្ហូបអាហារប្រចាំមូលដ្ឋានសហគមន៍ ការជូនភ្ញៀវទេសចរ ដែលពួកគាត់អាចទទួលចំណូលបន្ថែម ទៅលើមុខរបរ ប្រចាំថ្ងៃរបស់ ពួកគាត់។
គួរបញ្ជាក់ថា កាលពីអំឡុងពាក់កណ្តាល ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកោះកុង បានរកឃើញតំបន់ទឹកធ្លាក់ ដ៏មានសក្តានុពល នៃអេកូទេសចរណ៍ធម្មជាតិ មួយកន្លែង ដែលបានបង្កប់លាក់ខ្លួន នៅលើខ្នងភ្នំម្រេចកង្កែបនេះ។
លោក វ៉េត សុនីម បានប្រាប់ឱ្យដឹងថាៈ ទឹកធ្លាក់ដែលបានបង្កប់ លាក់ខ្លួនក្នុងព្រៃ ទើបរកឃើញនេះ មានឈ្មោះ ទឹកធ្លាក់ ” ឆាយតាភោគ ” មានទីតាំងនៅលើខ្នងភ្នំម្រេច កង្កែប ស្ថិតក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលទឹកធ្លាក់នេះ មានកម្ពស់ប្រមាណ ១៥ ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយ ពីទីតាំង ពយម្រេចកង្កែប ប្រវែងប្រមាណ ២៥០ ម៉ែត្រ ទៅដល់ទីតាំងទឹកធ្លាក់ ។
លោក អនុប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថាៈ “ តាមពិត ទឹកធ្លាក់មួយកន្លែងនេះ ប្រជាសហគមន៍ នៅកន្លែងនេះ បានស្កាល់យូរលង់ណាស់មកហើយ គ្រាន់តែអ្នកទេសចរ និងក្រុមអ្នកស្រាវជ្រាវ កន្លងមក មិនទាន់ទៅដល់ប៉ុណ្ណោះ។ តំបន់នេះ មានទឹកជ្រោះ ស្រស់ស្អាត គួរជាទីទាក់ទាញ និងមិនចាញ់ទីតំបន់ទេសចរណ៍ ដទៃទៀត ក្នុងតំបន់អារ៉ែងឡើយ”៕/V-PC